ឯកឧត្តម នេត្រ ភក្ត្រា ៖ ក្នុងមួយឆ្នាំ កម្ពុជាបង្កើតសំរាមរហូតដល់ 4 លានតោន
សៀមរាប ៖ យ៉ាងហោចណាស់ក្នុងមួយឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណ 4 លានតោន ខណៈដែលការកៃច្នៃជាប្រយោជន៍ត្រឡប់មកវិញត្រូវបានធ្វើឡើងនៅក្នុងអត្រាកម្រិតទាបនៅឡើយ ។
មានប្រសាសន៍នៅក្នុងទិវាអនាម័យបរិស្ថាន 23 វិច្ឆិកា និងពិធីបុណ្យទន្លេសាបនារដូវទឹកសម្រកប្រចាំឆ្នាំ2020 នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ2020 ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្នុងមួយឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណ4លានតោន ក្នុងនោះ65ភាគរយ ជាសំណល់សរីរាង្គ ប្រមាណ20ភាគរយ ជាសំណល់ប្លាស្ទិក ហើយនៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងៗទៀត។ ជាមួយគ្នានេះ ក្នុងចំណោមសំរាមទាំងអស់នោះ មានត្រឹមតែប្រមាណ51ភាគរយ ប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ក្រៅនោះត្រូវគេបោះចោលយ៉ាងអនាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀតត្រូវបានដុតចោលជាដើម។
ដោយឡែក កាលពីឆ្នាំ2019 កន្លងទៅ សំណល់ប្លាស្ទិកប្រមាណជិត200តោន ត្រូវបានប្រមូលចេញពីទន្លេសាបក្នុងភូមិសាស្ត្រខេត្តសៀមរាប ហើយនៅឆ្នាំ2020នេះ សំណល់ប្លាស្ទិកប្រមាណជិត250តោន ត្រូវបានប្រមូលយកទៅកែច្នៃធ្វើជាឥដ្ឋបរិស្ថាន។

ឯកឧត្តមបានបន្តថា ស្ថានភាពគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរបស់ខេត្តសៀមរាប សម្រាប់ឆ្នាំ2020 មានបរិមាណបង្កើតសំណល់ប្រមាណ506តោនក្នុងថ្ងៃ ហើយបរិមាណកែច្នៃឡើវិញមានប្រមាណ103តោនក្នុងថ្ងៃ ដោយការអាជីវករប្រមូលទិញអេតចាយ មានចំនួន49ទីតាំង បរិមាណសំណល់ប្រមូលយកទៅដាក់ទីលានចាក់សំរាមប្រមាណ241តោនក្នុងថ្ងៃ។ ទន្ទឹមនេះ បរិមាណសំណល់ដែលបោះចោលដោយខុសច្បាប់ប្រមាណ162តោនក្នុងថ្ងៃ ដែលបានដុតចោល បោះចោលតាមដងផ្លូវ និងប្រឡាយសាធារណៈ។
ឯកឧត្ដម នេត្រ ភក្រ្ដា បានឱ្យដឹងថា កម្ពុជាមិនទាន់មានតួលេខថា ក្នុងមួយឆ្នាំប្រើប្រាស់ប្លាស្ទិកប៉ុន្មានតោននៅឡើយ ប៉ុន្តែគ្រាន់តែនៅរាជ ធានីភ្នំពេញក្នុងមួយថ្ងៃថង់ប្លាស្ទិកជាង10លានថង់ត្រូវបានប្រើប្រាស់។ នៅលើពិភពលោក ក្នុងមួយឆ្នាំបានប្រើប្រាស់ប្លាស្ទិកចន្លោះពី400 ទៅ600លានតោន ហើយចាប់តាំងពីបង្កើតប្លាស្ទិកមកសំណល់ប្លាស្ទិកនៅលើភពផែនដីមានប្រមាណ 9,3 ប៊ីលានតោន ហើយចំនួននេះនឹងត្រូវបន្តកើនឡើងនៅពេលដែលចាប់ពីឆ្នាំ2025 ពិភពលោកប្រើប្រាស់ប្លាស្ទិកប្រមាណ 600 លានតោន ក្នុងមួយឆ្នាំ។ ក្រៅពីនេះ ប្រសិនបើមិនមានវិធានការតឹងរឹងក្នុងការកាត់បន្ថយប្រើប្រាស់ប្លាស្ទិកលើទេ នៅលើពិភពលោកនឹងមានសំណល់ប្លាស្ទិកកើនដល់ 34 ប៊ីលានតោននៅឆ្នាំ2050 ហើយចំនួននេះមាន ច្រើនជាងចំនួនត្រីនៅក្នុងមហាសមុទ្រទៅទៀត៕