រដ្ឋាភិបាលសម្រេចអនុម័តគម្រោវិនិយោគថ្មីចំនួន3បន្ថែមទៀត មានទុនសរុបជាង12លានដុល្លារអាមេរិក
ភ្នំពេញ ៖ រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ (CDC) បានសម្រេចគាំទ្រ និងអនុម័តទៅលើគម្រោងស្នើសុំវិនិយោគថ្មីចំនួន3បន្ថែមទៀត ដែលមានទំហំទុនសរុបជាង12លានដុល្លារអាមេរិក និងផ្តល់ឱកាសការងារសរុបចំនួន 2634នាក់។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
1- “EAST GOLDEN PAPER INDUSTRY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងប្រអប់ក្រដាសគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ 3លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 202កន្លែង។

2- “SHANDA (CAMBODIA) TEXTILE CO., LTD ” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឫស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ 3,6លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 914កន្លែង។

3- “CHARMGO (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ 5,6លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 1518កន្លែង។
