កម្ពុជា-សិង្ហបុរី បេ្តជ្ញាបន្តរួមគ្នាពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្ស

ភ្នំពេញ៖ កម្ពុជា-សិង្ហបុរី បេ្តជ្ញាយ៉ាងមុតមាំក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឲ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបឲ្យទាន់ទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក។

ការប្តេជ្ញាចិត្តដ៏មុតស្រួច ត្រូវបានធ្វើឡើងនៅក្នុងជំនួបជម្រាបលារបស់លោក ម៉ាយឃើល តាន (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជារវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។

លោក អ៊ិត សំហេង លើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងការទូត និងវិស័យនានា ពិសេសគឺវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងសិង្ហបុរី ក្នុងអាណត្តិបេសកកម្មរបស់លោក ម៉ាយឃើល តាន រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។

ចំពោះផ្នែកសុវត្ថិភាព និងសុខភាពរបស់កម្មករនៅកន្លែងធ្វើការងារ សិង្ហបុរីបានជួយច្រើនណាស់ ដូចជាជួយរៀបចំបច្ចេកទេសសុវត្ថិភាពឡចំហាយនៅក្នុងរោងចក្រ ការបណ្ដុះបណ្ដាលអ្នកជំនាញត្រួតពិនិត្យឡចំហាយជាដើម ដោយបានចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ផ្សេងៗបានយ៉ាងច្រើននៅក្នុងរោងចក្រ សហគ្រាស។

សំណើរបស់រដ្ឋមន្ត្រី អ៊ិត សំហេង គឺពាក់ព័ន្ធនឹងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ពិសេសគឺកម្ពុជាត្រូវការធនធានមនុស្សប្រកបដោយគុណវឌ្ឍ ហើយកន្លងមកសិង្ហបុរីបានដើរតួយ៉ាងច្រើនក្នុងការជំរុញលើការងារ។ កម្ពុជាក៏មានបំណងចង់បន្តកិច្ចសហបប្រតិបត្តិការជាមួយសិង្ហបុរីតទៅមុខទៀត ហើយសង្ឃឹមថាសិង្ហបុរីនឹងនៅតែចែករំលែកបទពិសោធន៍ដល់កម្ពុជាបន្ថែមទៀត។

អគ្គរដ្ឋទូតសិង្ហបុរីលើកឡើងពីកិច្ចខិតខំរបស់រដ្ឋាភិបាល និងស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា ក្នុងការចូលរួមបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់សិក្ខាកាមកម្ពុជា។ សិក្ខាកាមកម្ពុជាចូលចិត្តសិក្សានៅកន្លែងការងារផ្ទាល់តែម្ដង ដែលជាចំណុចពិសេសមួយក្នុងការអភិវឌ្ឍសមត្ថភាពឱ្យកាន់ល្អប្រសើរ។ ភាគីទាំងពីរបានប្តេជ្ញាបន្តកិច្ចសហការគ្នា កាន់តែរឹងមាំថែមទៀត ជាពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលរដ្ឋាភិបាលទាំងពីរគឺសុទ្ធតែបានទប់ស្កាត់ និងដោះស្រាយបានយ៉ាងល្អ និងទាន់ពេលវេលា។ ទន្ទឹមនេះ ភាគីសិង្ហបុរី ក៏បានអំណរគុណដល់រដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានទប់ស្កាត់បានយ៉ាងល្អ ជាផ្នែកមួយអំណោយផលដល់អ្នកវិនិយោគសិង្ហបុរី ឲ្យមានដំណើរការអាជីវកម្មរបស់ខ្លួនជាប្រក្រតីឡើងវិញ ហើយកម្ពុជាក៏បានអរគុណដល់រដ្ឋាភិបាលសិង្ហបុរី ដែលបានការពារពលករកម្ពុជាដែលកំពុងបម្រើការនៅទីនោះដូចជនជាតិសិង្ហបុរីដូចគ្នា។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner