រដ្ឋលេខាធិការក្រសួងបរិស្ថាន ជំរុញមន្ត្រីរាជការ និងប្រជាពលរដ្ឋ ឲ្យចូលរួមលើកកម្ពស់អនាម័យ និងគុណភាពបរិស្ថាន ដែលជាវិភាគទានដ៏សំខាន់បំផុត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈម ប្រកបដោយសុខមាលភាព
ខេត្តព្រះវិហារ៖ ប្រសាសន៍ជំរុញរបស់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែង ក្នុងគ្រាដែលឯកឧត្តម បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធ ទិវាអនាម័យជាតិបរិស្ថាន ២៣វិច្ឆិកា ក្រោមប្រធានបទ«អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ» និងមានការចូលរួមពីអគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ឯកឧត្តម ជួប បារីស៍ , អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ព្រមទាំង ថ្នាក់ដឹកនាំ មន្រ្តីក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ ថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ លោកគ្រូ-អ្នកគ្រូ សិស្ស និស្សិត យុវជន កងកម្លាំងទាំង៣ ប្រជាសហគមន៍ និងប្រជាពលរដ្ឋដ៏ច្រើនកុះករ នាថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០២០ នៅសាលាខេត្តព្រះវិហារ។

អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ បានក្រើនរម្លឹក ដល់ស្ថាប័នសាធារណៈ និងឯកជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ចូលរួមធ្វើអនាម័យ និងថែរក្សាបរិស្ថានជាប្រចាំ នៅតាមមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមអភិបាលខេត្ត បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពីការគ្រប់គ្រង ទុកដាក់សំរាម និងសំណល់រឹងឲ្យបានត្រឹមត្រូវ ផងដែរ។

អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ឯកឧត្តម ជួប បារីស៍ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីក្រសួងបរិស្ថាន ជាពិសេស អាជ្ញាធរ មន្ត្រីរាជការ យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ ដែលតែងតែគាំទ្រដល់គ្រប់ចលនាបរិស្ថានជារហូតមក។ ឯកឧត្តមសង្ឃឹមថា ទិវាអនាម័យបរិស្ថានជាតិនេះ នឹងក្លាយជាចរន្តចលករ ដែលជំរុញឲ្យមានការផ្តើមធ្វើសកម្មភាព មេត្រីភាពបរិស្ថាន ចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវ ក្នុងការទុកដាក់សំណល់ និងមិនបោះចោលពាសពាសកាល នៅតាមទីសាធារណៈ ជាហេតុធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពទូទាំងប្រទេស និងសេចក្តីថ្លៃថ្នូររបស់ខ្លួនឯង។ ឯកឧត្តម ជួប បារីស៍ បានផ្តល់ការណែនាំ ដល់អ្នកចូលរួមទាំងអស់ ក្នុងការថែរក្សាបរិស្ថាន ដូចជា អនាម័យខ្លួនឯងជាប្រចាំ, ទុកដាក់សំរាមឲ្យត្រូវក្នុងធុង, ស្រឡាញ់ ការពារ និងដាំដើមឈើ ជាពិសេស ត្រូវខិតខំសិក្សារៀនសូត្រ ឲ្យយល់ដឹងកាន់តែខ្ពស់ថែមទៀត ពីបញ្ហាបរិស្ថាន។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ទិវាអនាម័យបរិស្ថានជាតិនេះ នឹងជម្រុញឲ្យមានការបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ ឲ្យចេះស្រលាញ់ ថែរក្សា ជាពិសេស ធ្វើការសម្អាតអនាម័យបរិស្ថាន នៅតាមទីសាធារណៈ។ ឯកឧត្តម បានមានប្រសាសន៍ទៀតថា បញ្ហាប្រឈមពីការកើនឡើងយ៉ាងខ្លាំង នូវសំរាម សំណល់រឹង រាវ នៅតាមទីប្រជុំជន និងទីក្រុង ក៏ព្រោះតែប្រព័ន្ធគ្រប់គ្រងសំរាម នាពេលបច្ចុប្បន្ន នៅមានកម្រិតនៅឡើយ សំណល់សំរាមមួយចំនួន ជាពិសេស សំណល់ប្លាស្ទិក ត្រូវបានពលរដ្ឋខ្លះដុត និងខ្លះទៀត បានបោះចូលទៅក្នុងទឹក និងសមុទ្រ បង្កគ្រោះថ្នាក់សម្រាប់ជីវចម្រុះ ដែលពិភពលោក បាននឹងកំពុងយកចិត្តទុកដាក់ ហើយស្ថានភាពនេះ តម្រូវឲ្យរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាជាបន្តបន្ទាប់ ជាពិសេស ដើម្បីធ្វើទំនើបកម្មប្រព័ន្ធប្រមូល និងគ្រប់គ្រងសំរាមសំណល់រឹង ដោយមានការគិតគូរគ្រប់ជ្រុងជ្រោយ ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ហើយនឹងត្រូវបន្តទៅទីក្រុង និងទីប្រជុំជនធំៗ មួយចំនួនទៀត នៅទូទាំងប្រទេស។

ឯកឧត្តម នេត្រ ភក្ត្រា បានចាត់ទុក ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការលើកកម្ពស់អនាម័យ និងគុណភាពបរិស្ថាន គឺជាប្រការចាំបាច់ និងជាវិភាគទានដ៏សំខាន់បំផុត ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ សំដៅការរស់នៅប្រកបដោយសុខមាលភាព និងចីរភាពរបស់ប្រពលរដ្ឋ។ ឯកឧត្តមសង្ឃឹមថា ស្មារតីនៃទិវាអនាម័យបរិស្ថានជាតិនេះ នឹងស្ថិតជានៅជានិរន្តរ៍ ជាមួយប្រជាជនកម្ពុជាគ្រប់ៗរូប និងសូមឲ្យសកម្មភាពធ្វើអនាម័យបរិស្ថាន ស្ថិតនៅជាមួយយើងទាំងអស់គ្នា ជារៀងរាល់ថ្ងៃជានិច្ច ៕ ដោយ៖ឡុង សំបូរ