បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន៖ ការស្រាវជ្រាវបង្ហាញថាប្រើខួរក្បាលច្រើនធ្វើឱ្យមនុស្សអាយុវែង
មនុស្សជាច្រើនតែងអប់រំគ្នាថា កុំឱ្យគិតច្រើន ប្រយ័ត្នខូចខួរក្បាល ឬកុំគិតច្រើននាំឱ្យមានបញ្ហាដល់សុខភាពផ្លូវចិត្តជាដើម តែក្នុងស្ថានភាពខ្លះការគិតមិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពនោះទេ តែថែមទាំងអាចជួយឱ្យមនុស្សមានបញ្ញា និងសុខភាពផ្លូវចិត្តកាន់តែរឹងមាំទៅវិញ។
បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា តាមការស្រាវជ្រាវបានបញ្ជាក់ថា ការគិតប្រកបដោយលំដាប់លំដោយអាចធ្វើឱ្យមនុស្សអាយុវែង។ កាលណាយើងគិត ខួរក្បាលរបស់យើងដំណើរការ ដែលធ្វើឱ្យកោសិកាខួរក្បាលរីកដុះដាលតភ្ជាប់គ្នាកាន់តែច្រើន។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យយើងកាន់តែមានសមត្ថភាពខ្ពស់ ហើយថែមទាំងមានភាពរស់រវើក (reflex) ក្នុងការគិតវិភាគ ឬដោះស្រាយបញ្ហានានាចំពោះមុខបន្ថែមទៀត។
បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានមានប្រសាសន៍ថា៖ «ផ្ទុយមកវិញ ប្រសិនបើយើងមិនប្រើប្រាស់ខួរក្បាល នោះកោសិកាខួរក្បាលរបស់យើងនឹងស្ពឹកស្រពន់មិនដំណើរការ ហើយពេលគិតអ្វីម្តងៗក៏មិនងាយចេញដែរ ព្រោះកោសិកាជាច្រើនក៏ងាប់ និងមិនអាចតភ្ជាប់គ្នាបាននោះទេ»។
អ្នកអប់រំខាងលើបានបញ្ជាក់ផងដែរថាសម្រាប់លោកបណ្ឌិតគឺ ចូលចិត្តប្រើប្រាស់ខួរក្បាលតាមរយៈការអាន ការស្រាវជ្រាវ ឬការដោះស្រាយបញ្ហានានាប្រចាំថ្ងៃ ហើយកាន់តែប្រើប្រាស់ខួរក្បាលជីវិតកាន់តែរីករាយ និងកាន់តែជក់ចិត្តជាមួយនឹងការងារទាំងអស់នោះ។ ហេតុនេះ ការប្រើប្រាស់ខួរក្បាលគឺជារឿងល្អ ឱ្យតែការគិតនោះមានលំដាប់លំដោយត្រឹមត្រូវ និងមិនច្របូកច្របល់។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ តាមការបញ្ជាក់របស់ស្ថាប័ន Psychology today បានឱ្យដឹងថា ខួរក្បាលរបស់យើងគឺជាផ្នែកសំខាន់មួយក្នុងរាងកាយ។ វាជាផ្នែកដែលផ្ទុកទិន្នន័យ និងបញ្ជារទៅគ្រប់ផ្នែកទាំងអស់នៃរាងកាយ។ ហេតុនេះកាលណាខួរក្បាលដំណើរការ និងមានសុខភាពល្អ រាងកាយរបស់យើងក៏រស់រវើក និងមានជីវិតស្រស់បំព្រងផងដែរ។ វាមិនមែនគ្រប់គ្រងតែផ្នែកផ្លូវចិត្តនោះទេ តែវាក៏ជាផ្នែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យផ្លូវកាយមានភាពរស់រវើកផងដែរ។ ការមានទម្លាប់ប្រើប្រាស់ខួរក្បាលតាមរយៈការវិភាគ ការលេងល្បែងល្បងប្រាជ្ញាមួយចំនួន និងការច្នៃប្រឌិត នឹងធ្វើឱ្យខួរក្បាលទាំងពីរផ្នែកមានទំនាក់ទំនងល្អជាមួយគ្នា ហើយធ្វើឱ្យសសៃតូចៗជាច្រើនកើតឡើងភ្ជាប់គ្នាយ៉ាងរឹងមាំ ដែលធ្វើឱ្យយើងមានគំនិតកាន់តែច្រើនទាំងផ្នែកបច្ចេកទេស និងសិល្បៈ។ បន្ថែមពីលើនេះ កាលណាខួរក្បាលរបស់យើងដំណើរការបែបនេះ យើងក៏មិនសូវមានបញ្ហាភ្លេចភ្លាំង ឬមានជំងឺប៉ុន្មានដែរ បើទោះបីជាយើងមានអាយុច្រើនក៏ដោយ៕