គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកពូជស្រូវជាច្រើនតោន ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ជាង ៨០០គ្រួសារ មកពីស្រុកពីរ នៅក្នុងខេត្តកំពង់ធំ ទទួលបានពូជស្រូវពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលការចែកពូជស្រូវច្រើនតោននោះ បានធ្វើឡើងក្រោមអធិបតីភាព ទេសរដ្ឋមន្ត្រីគន់ គីម ,រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ,រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ដែលមានការចូលរួមពី អភិបាលខេត្តកំពង់ធំ លោក សុខ លូ និងមន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងទាំង និងអាជ្ញាធរមូលរដ្ឋាន ផងដែរ។

ការចែកពូជស្រូវដល់ប្រជាពលរដ្ឋ ៨៣០គ្រួសារ កាលពីថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០២០ បានធ្វើនៅក្នុងបរិវេណ វត្តសង់ឃ្លាំង ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ដោយប្រជាពលរដ្ឋទាំងអស់ មកពីស្រុកសន្ទុក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក ទេសរដ្ឋមន្ត្រី គន់ គីម ដែលជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា ដើម្បីធានាដល់ការស្តារឡើងវិញ នូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាដល់ក្រសួងមុខព្រួញសំខាន់ៗចំនួន៣ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវធ្វើសកម្មភាពព្រមៗគ្នា ក្នុងការចែកពូជស្រូវ ចែកពូជដំណាំ ជួសជុលប្រព័ន្ធធារាសាស្ត្រ ប្រឡាយទឹក និងផ្លូវនៅតាមទីជនបទជាដើម។

លោកទេសរដ្ឋមន្ត្រី បានបន្ដថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ណាស់ លើការស្តារឡើងវិញ នូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋ ក្រោយពេលទឹកជំនន់បានស្រកទៅវិញ ព្រោះការបង្កបង្កើនផលក្រោយទឹកជំនន់ ជាកិច្ចការចាំបាច់ណាស់ ដើម្បីដោះស្រាយបញ្ហាស្បៀងអាហារ និងក្នុងជីវភាពរស់របស់ប្រជាពលរដ្ឋរងគ្រោះ ឱ្យមានភាពល្អប្រសើរឡើងវិញ។ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវ ដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេស នៅក្នុងខេត្តរងការជន់លិច ឲ្យបង្កើនការយកចិត្តទុកដាក់ និងជួយអន្តរាគមន៍ ដល់ការដាំដុះរបស់ប្រជាកសិករ ហើយប្រជាកសិករទាំងអស់ ត្រូវខិតខំធ្វើការងារបង្កបង្កើនផលឡើងវិញ ឲ្យបានទាន់រដូវ ដើម្បីលើកស្ទួយជីវភាពរស់នៅ ឲ្យបានប្រសើរឡើងវិញ។

អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានរាយការណ៍ថា ក្នុងគ្រោះទឹកជំនន់កន្លងមកនេះ បានធ្វើឲ្យខេត្តកំពង់ធំ រងផលប៉ះពាល់ដំណាំស្រូវ លើផ្ទៃដី ១៨ពាន់ ៨៥០ហិកតា ខូចខាតស្រូវទាំងស្រុង ១០ពាន់ ៣៣៥ហិកតា ស្មើនឹង១២ពាន់ ៣៦៥គ្រួសារ និងដំណាំរួមផ្សំ លើផ្ទៃដី ៣៤២ហិកតា ក្នុងផ្ទៃដីស្រូវស្រែដែលបានស្តារឡើងវិញ មាន៨ពាន់ ២៥១ហិចតា ស្មើនឹង ៧ពាន់ ៤៨០គ្រួសារ។

លោកអភិបាលខេត្ត បានបន្តទៀតថា នៅក្នុងស្រុកសន្ទុក ផ្ទៃដីដំណាំស្រូវមាន ៦៦៧ហិកតា ស្មើនឹង ៨០៩គ្រួសារ និងស្រុកបារាយណ៍ ផ្ទៃដីដំណាំងស្រូវមាន ២៦ហិកតា ស្មើនឹង ២១គ្រួសារ ដែលត្រូវការស្រូវពូជប្រមាណ ៨៣ តោន សម្រាប់ធ្វើការដាំដុះឡើងវិញ។ លោក សុខ លូ បានបញ្ជាក់ថា រដ្ឋបាលខេត្ត បានចែកពូជស្រូវ ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដែលមានលទ្ធភាពក្នុងស្តារឡើងវិញ នាពេលនេះបាន ៨ពាន់ ២៥១ហិកតា ស្មើនឹង ៧ពាន់ ៤៨០គ្រួសាររួចមកហើយ។ បន្ទាប់មកថ្នាក់ដឹកនាំ បានចែកពូជស្រូវជូនដល់ប្រជាពលរដ្ឋ ៨៣០គ្រួសារ ក្នុង១គ្រួសារៗ ទទួលបានពូជស្រូវ ១០០គីឡូក្រាម និងថវិកាមួយចំនួនទៀត ផងដែរ៕ ដោយ៖ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner