នៅព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយមេធាវីស្ម័គ្រចិត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធនេះ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន អញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ មេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន ដែលត្រូវបានបង្កើតឡើងដោយសម្ដេចតេជោកាលពី ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលដៅជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់។

មេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន មានលោកមេធាវី គី តិច ជាប្រធាន និងមានសមាជិក ១៣៨រូប នៅគ្រប់រាជធានី-ខេត្ត។ ចាប់តាំងពីបង្កើតឡើង មេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន បានធ្វើសកម្មភាពជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ជាច្រើនករណី។ ដើម្បីសម្រួលដល់ការទាក់ទងរបស់ស្ត្រីមានបញ្ហា មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានប្រកាសបង្ហាញលេខទូរស័ព្ទជាសាធារណៈផងដែរ។

លោកមេធាវី គី តិច បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានផ្តល់ការពិគ្រោះ និងជូនយោបល់ដល់ប្រជាពលរដ្ឋទូទៅ គ្រប់ករណីក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ២,៥៥០ករណី។ ក្នុងនោះសំណុំរឿងដែលបានទទួលយកមកការពារជូនស្ត្រីទន់ខ្សោយងាយរងគ្រោះ មានជីវភាពខ្វះខាត និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ចំនួន ៧៤ករណី។

ក្រៅពីជួយដោះស្រាយ និងការពារក្តី មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក៏បានធ្វើកិច្ចការសង្គម និងមនុស្សធម៌ជាច្រើនទៀត ដូចជាបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរអប្សរា សាលាដំបូង និងអយ្យការសាលាដំបូងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដាំកូនឈើក្នុងបរិវេណប្រាសាទអង្គរតូចផ្នែកខាងត្បូង។

មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក៏បានជួយផ្តល់សម្ភារបរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកា ដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយអគ្គិភ័យ ដោយខ្យល់កន្ត្រាក់ រងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងស្ត្រីមេម៉ាយ ចាស់ជរា ដែលមានជីវភាពខ្វះខាត និងបានប្រមូលថវិកាពីសមាជិក ជូនរាជរដ្ឋាភិបាលក្នុងយុទ្ធនាការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner