រថយន្តម៉ាកឡង់គ្រឺស័រ បេីកបុករបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ រថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿង បានបោះពួយក្នុងល្បឿនលឿន ខណៈដល់ផ្លូវកោងមិនប្រយ័ត្នបានបួងចង្កូតមិនទាន់ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយផ្ទាំង ចំណែករថយន្តបង្កបានរងការខូចខាតយ៉ាងដំណំ និងទៅមុខលេងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៥២៨ កែងនិងផ្លូវ២៧៥ ខាងកើត អតីតសុីម៉ាក់ចាស់ ប្រមាណជា២០០ម៉ែត្រ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡង់គ្រឺស័រមួយគ្រឿង ពណ៌ស មិនស្គាល់ស្លាកលេខបើកបរចុះពីផ្លូវទំនប់៧០ មកផ្លូវ៥២៨ ទិសដៅពីកើតទៅលិច ខណៈមកដល់កែង និងផ្លូវ២៧៥ដែលជាចំណុចផ្លូវកោង និងជាកន្លែងកើតហេតុ បានបួងចង្កូតមិនទាន់រេមកខាងស្ដាំដៃជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបាក់អស់មួយផ្ទាំង ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ ក្រោយកេីតហេតុភ្លាមៗម្ចាស់រថយន្តបានដោះស្លាកលេខយកទៅជាមួយគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមច្បាប់៕ ដោយ៖ ជីម ភារ៉ា