ក្រសួងយុត្តិធម៌បង្ហាញប្រព័ន្ធព័ត៌មានវិទ្យា ចំនួន២សម្រាប់ដាក់ឱ្យសាធារណៈជនប្រើប្រាស់ថ្ងៃខាងមុខ
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ដើម្បីជំរុញទៅលើការស្វែងយល់ពីផ្លូវច្បាប់ក៏ដូចជាផ្សព្វផ្សាយពីឯកសារផ្លូវច្បាប់ផងនោះក្រសួងយុត្តិធម៌បានបង្ហាញពីការខិតខំជំរុញក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីចំនួន២របស់ខ្លួនក្នុងការដាក់ឱ្យសាធារណៈជនប្រើប្រាស់នាថ្ងៃខាងមុខ។
បើយោងតាមក្នុងកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍បណ្តាញផ្សព្វផ្សាយរបស់ក្រសួងយុត្តិធម៌ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមគឹមសន្តិភាពបានបញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំក្នុងប្រព័ន្ធអេឡិកត្រូនិកដែលក្នុងនោះបានលើកពីកម្មវិធីចំនួន២ គ្រោងដាក់ឱ្យប្រើប្រាស់នាថ្ងៃខាងមុខមានដូចជា៖
១.ប្រព័ន្ធគ្រប់គ្រងឯកសារច្បាប់កម្ពុជា៖ ដែលជាកម្មវិធីមួយអនុញ្ញាតឱ្យសាធារណៈជនអាចប្រើប្រាស់ក្នុងការទាញយកឯកសារច្បាប់នានាដែលក្រសួងយុត្តិធម៌បានផ្សព្វផ្សាយលើគេហទំព័រផ្លូវការរបស់ខ្លួន ដើម្បីរក្សាទុក និងគ្រប់គ្រងរាល់ឯកសារច្បាប់។
២.កម្មវិធី Mobile Application of MOJ៖ ជាកម្មវិធីនៅលើទូរស័ព្ទដៃ ដែលអនុញ្ញាតឱ្យសាធារណៈជនតាមដានព័ត៌មាន ក៏ដូចជាស្វែងរកនូវឯកសារច្បាប់នានាដែលបានផ្សព្វផ្សាយដោយក្រសួងយុត្តិធម៌៕