ប្រជាពលរដ្ឋ៧០០គ្រួសារដែលរងគ្រោះដោយទឹកជំនន់ បានទទួលអំណោយពីទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់

ភ្នំពេញ៖ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងចែកកញ្ចប់អំណោយ ដល់ប្រជាពលរដ្ឋចំនួន៧០០គ្រួសារ ដែលរង់គ្រោះដោយទឹកជំនន់ នៅភូមិកន្ទុយទឹក សង្កាត់ទាន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ លើកឡើងថា ទោះបីជាទឹកជំនន់បានឆ្លងផុតទៅហើយ ប៉ុន្តែតម្រូវការ និងភាពចាំបាច់របស់ប្រជាពលរដ្ឋ នៅតែត្រូវបានយកចិត្តទុកដាក់ ហើយអំណោយគឺជាការឧបត្ថម្ភរបស់អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) ដែលផ្តល់ជាទូទៅ មិនសំដៅលើពូជសាសន៍ និងសាសនា។

ឯកឧត្តម បន្តថា «យើងត្រូវដឹងថាអ្វីទាំងអស់នេះវាផ្តើមចេញពីសុខសន្តិភាព ហើយអ្វីដែលពិសេសបំផុតនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឲ្យមានគោលនយោបាយសុខដុម្បនីយកម្មជាតិសាសន៍ ដែលទទួលបានការកោតសរសើរពីអង្គការ សហប្រតិបត្តិការឥស្លាម OIC ដែលមានប្រទេសជាសមាជិកចំនួន ៥២ប្រទេស»

អំណោយដែលចែកជូនប្រជាពលរដ្ឋ គឺជាការឧបត្ថម្ភរបស់អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម, ស្ករស២គីឡូក្រាម, ប្រេងឆា២លីត្រ, ត្រីខ៤កំប៉ុង, មី១០កញ្ចប់, សាប៊ូដុសខ្លួន៤ដុំ, សាប៊ូលាងចាន១ដប និងអំបិល១គីឡូក្រាម៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner