រន្ធត់ទាំងព្រឹក ! បុរសម្នាក់ជិះម៉ូតូបំណងវ៉ាជែងរថយន្តតែមិនផុតក៏ចាប់ហ្វ្រាំងដួលចូលក្រោយរថយន្តបែនដឹកដី កិនស្លាប់យ៉ាងអាណោចអាធម៌
ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរ និងធ្លាយគ្រឿងក្នុងចេញមកស្លាប់យ៉ាងអាណោចអាធម៌ ដោយបុរសម្នាក់ជិះម៉ូតូបំណងវ៉ាជែងរថយន្តតែមិនផុតក៏ចាប់ហ្វ្រាំងដួលចូលក្រោយរថយន្តបែនដឹកដីកិន ដែលហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង៧នឹង២០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មុខសាលាមីគីវេ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
បុរសដែលបានស្លាប់មានឈ្មោះ អឿន ចិន្តា អាយុ២៩ឆ្នាំ មានស្រុកកំណើតឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ជិះម៉ូតូម៉ាក PCX ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1IG 0193 ចំណែករថយន្តបែនដឹកដី ពាក់ស្លាកលេខ ភ្នំពេញ 3E 2156 ដោយអ្នកបើករថយន្តគេចខ្លួនបាត់ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូអ្នកស្លាប់និងរថយន្តបែនដឹកដីជិះស្របទិសគ្នា តាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីលិចទៅកើត ខណៈមកដល់ម្តុំចំណុចកើតហេតុម៉ូតូបំណងវ៉ាជែងរថយន្តតែមិនផុត ក៏បានចាប់ហ្វ្រាំងអូសប្រមាណ១០ម៉ែត្រ ដួលចូលក្រោមកង់រថយន្តបែនដឹកដី បណ្តាលឲ្យកិនស្លាប់បែកក្បាលធ្លាយខួរ និងចេញគ្រឿងក្នុងចេញមកខាងក្រៅ យ៉ាងអាណោចអាធម៌បំផុត ចំណែកអ្នកបើករថយន្តឃើញសភាពដូច្នេះក៏បើកទ្វាររថយន្តគេចខ្លួនបាត់ ។
ប្រជាពលរដ្ធបានរាយការណ៍ទៅសមត្ថកិច្ចឲ្យមកអន្តរាគមន៍សម្រួលចរាចរណ៍ និងទំនាក់ទំនងជំនាញមកធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីចាត់ការតាមនីតិវិធី ចំណែកអ្នកស្លាប់សមត្ថកិច្ចទំនាក់ទំនងក្រុមគ្រួសារឲ្យយកមកធ្វើបុណ្យតាមប្រពៃណី ៕ដោយ ធី សម្បតិ
