វេបសាយលក់ឡានមួយទឹករបស់ឥណ្ឌាមួយនៅតែមានហាងឆេងខ្លាំង ទោះកូវីដ19 ក៏ដោយ បច្ចុប្បន្នមានតម្លៃដល់ទៅ 1 ពាន់លានដុល្លារ
បរទេស ៖ខណៈដែលអាជីវកម្មភាគច្រើនត្រូវបានបិទទ្វារ ឬផ្អាកដំណើរការនៅក្នុងប្រទេសឥណ្ឌាដោយសារបញ្ហារីករាលដាលនៃកូវីដ19ប៉ុន្តែគេបានមើលឃើញថាមានវេបសាយជំនួញរថយន្តមួយទឹកមួយដែលកំពុងសម្ងំកើបលុយយ៉ាងច្រើន ហើយពេលនេះបានជាប់ឈ្មោះជាប្រភេទអាជីវកម្មថ្មីមានតម្លៃខ្លួនលើសពី 1 ពាន់លានដុល្លារ ឬ Unicorn។
Cars24 នៅថ្ងៃពុធនេះត្រូវបានទូរទស្សន៍ BBC ចេញផ្សាយថា កំពុងទទួលបានការទុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាទោះបីជាស្ថិតនៅក្នុងអំឡុងពេលកូវីដ19ក្តី ដោយសារតែមូលហេតុសំខាន់គឺមនុស្សជាច្រើននាំគ្នាគេចចេញពីការធ្វើដំណើរដោយមធ្យោបាយសាធារណៈ និងជំនួសមកវិញដោយយានជំនះខ្លួនឯង។
ក្រៅតែពីសេវាកម្មធ្វើដំណើរសាធារណៈហើយនោះ សូម្បីតែការធ្វើដំណើរតាមផ្លូវរថភ្លើងដ៏ពេញនិយមបំផុតរបស់ឥណ្ឌាក៏ត្រូវបានប្រកាសបិទដំណើរទាំងអស់ផងដែរក្នុងពេលនេះ ដោយជាក់ស្តែងតួលេខនៃអ្នកកូវីដ19នៅឥណ្ឌាបានកើនឡើងទៅដល់ជាង 9 លាននាក់មកហើយ។
យោងតាមការបញ្ជាក់របស់ប្រធានប្រតិបត្តិនៃវេបសាយ Cars24 លោក Vikram Chopra បានបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលឆ្នាំ តួលេខនៃការលក់រថយន្តមួយទឹករបស់ខ្លួនបានកើនឡើងទៅដល់ 20 ភាគរយ ហើយតួលេខនេះបានកើនឡើងបន្តបន្ទាប់ឥតឈប់ឈរ ពីព្រោះមនុស្សភាគច្រើននៅតែមានការភ័យខ្លាចក្នុងការធ្វើដំណើរជាមួយនឹងមធ្យោបាយសាធារណៈ ហើយក្នងនោះមនុស្សកាន់តែច្រើនបានងាកមកចាយលុយដើម្បីមានរថយន្តផ្ទាល់ខ្លួនជំនួសវិញ។
តម្លៃក្រុមហ៊ុនលក់រថយន្តមួយទឹក Cars24 បានកើនឡើងចុងក្រោយនេះដោយសារតែខ្លួនទើបតែទទួលបានការវិនិយោគដល់ទៅ 200 លានដុល្លារពីក្រុមហ៊ុន DST Globalកាលពីថ្ងៃអង្គារម្សិលមិញ។
គួរឲ្យដឹងដែរថា អាជីវកម្មកើតថ្មីដែលមានតម្លៃលើសពី 1 ពាន់លានដុល្លារឬ Unicorn នេះមានចំនួនត្រឹមតែ 500 ក្រុមហ៊ុនប៉ុណ្ណោះនៅទូទាំងពិភពលោកបច្ចុប្បន្ន៕