គណៈប្រតិភូគ្រប់ស្ថាប័នជាតិ អញ្ជើញគោរព វិញ្ញាណក្ខ័ន្តសពឯកឧត្តម អ៊ឹង ហឿន ប្រធាន ក្រុមប្រឹក្សាខេត្តសៀមរាប
តំណាងគ្រប់ស្ថាប័នជាតិ នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និង រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ដែលបានទទួលមរណៈភាព កាលពីរាត្រីថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ ហើយត្រូវបានតំកល់ធ្វើបុណ្យសព នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិទ្រៀក សង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ។
ឯកឧត្តម អ៊ឹង ហឿន ឆ្លងតាមដំណាក់កាលក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកម្ពុជា ឯកឧត្តម ដែលជាថ្នាក់ដឹកនាំមួយដ៏ឆ្នើម ក្នុងការដឹកនាំមន្ត្រីរាជការបំពេញកាតព្វកិច្ចកសាងអភិវឌ្ឍន៍ជាតិមាតុភូមិ ក្នុងរយៈពេល៤១ឆ្នាំមកនេះ ។ ក្នុងមួយជីវិតរបស់ឯកឧត្តម ដោយមានមនសិកាស្នេហាជាតិមាតុភូមិ និង ប្រជាជន បានធ្វើកាបូជានូវកម្លាំងកាយ គំនិតបញ្ញា ស្មារតី ក្នុងការចូលរួមកសាងជាតិមាតុភូមិកម្ពុជា ដែលទើបរំដោះរួចពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត នាថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ និង កសាងការពារមាតុភូមិ កិច្ចអភិវឌ្ឍន៍ទៀតផង ។ ក្នុងពិធីគោរពវិញ្ញាណក្ខន្ត័ តំណាងគ្រប់ស្ថាប័នជាតិ ក៏បានធ្វើការសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង នៃការបាត់បង់មន្ត្រីថ្នាក់ដឹកនាំមួយរូបដ៏ឆ្នើម ក្នុងជួរមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលពោពេញទៅដោយបទពិសោធន៍ បច្ចេកទេស ក្នុងការដឹកនាំ និង បំពេញភារកិច្ច ជូនជាតិមាតុភូមិកន្លងមក ។ ក្នុងនោះដែរគណៈប្រតិភូគ្រប់ស្ថាប័ន ក្រសួង ក៏បានធ្វើការបូជាទៀនធូក ដើមី្បឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្ត ឯកឧត្តម អ៊ឹង ហឿន សូមឲ្យឯកឧត្តមបានទៅកាន់សុខតិភពថ្មី ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ រួមការងារ ឲ្យទទួលនូវសេចក្តីសុខ និង ឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និង ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់ វិស័យ ។
ក្នុងឱកាសជួបសំណេះសំណាល ចូលរួមសម្តែងការរំលែកទុក្ខនៃក្រុមគ្រួសារសព គ្រប់តំណាងស្ថាប័នទាំងអស់ ក៏បានធ្វើការប្រគល់នូវលិខិតរំលែកទុក្ខរបស់ស្ថាប័ននិមួយៗរួមទាំងបច្ច័យ ដើមី្បចូលរួមជាមួយក្រុមគ្រួសារនៃសព ឯកឧត្តម អ៊ឹង ហឿន យកទៅប្រើប្រាស់ ក្នុងពិធីធ្វើបុណ្យសពទៅតាមគន្លងប្រពៃណីព្រះសាសនាផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប






