មន្ត្រីសំខាន់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានចាត់ទុកខេត្តបាត់ដំបង ជា”កូនក្រមុំ”ដ៏ស្រស់ស្អាតត្រូវបានចោមរោមពីដៃគូនិងក្រុមហ៊ុនបរទេសមួយចំនួនដើម្បីស្វែងរកឱកាសបោះទុនវិនិយោគ នៅខេត្តមួយនេះ
មន្ត្រីសំខាន់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងចាត់ទុកខេត្តបាត់ដំបង ប្រៀបដូចកូនក្រមុំដ៏ស្រស់ស្អាត ត្រូវបានចោមរោមចង់បានពីដៃគូអភិវឌ្ឍន៍នានាមកពីបណ្តាប្រទេសមួយចំនួន ដើម្បីធ្វើជាដៃគូនិងស្វែងរកឱកាសវិនិយោគ នៅក្នុងខេត្តមួយនេះ។
នេះជាការលើកឡើងរបស់លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានវានុវត្តន៍ ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី”គម្រោង TASKProgramនិងការពង្រឹងសុវត្ថិភាពចំណីអាហារ” ដែលរៀបចំឡើងដោយក្រសួងផ្ទាល់ជាមួយរដ្ឋបាលខេត្តបាត់ដំបងនិងកិច្ចសម្របសម្រួលសហការដោយផ្ទាល់មន្ទីរជំនាញក្នុងខេត្ត និងតំណាងម្ចាស់គម្រោងនៅកម្ពុជាផ្ទាល់ ដោយប្រព្រឹត្តទៅ រយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី២៥ខែវិច្ឆិកានេះ នៅសាលាខេត្តបាត់ដំបង។
គោលបំណងសិក្ខាសាលានេះផ្តោតសំខាន់ គឺដើម្បីផ្សព្វផ្សាយពី”គម្រោងការប្រឹក្សា និងដំណោះស្រាយបច្ចេកវិទ្យាមកពីប្រទេសកូរ៉េ និងសុវត្ថិភាពចំណីអាហារ”ដែលសហការរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារ កូរ៉េ, វិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់កូរ៉េ និង អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម។
លោក ឡោ សត្យា អគ្គនាយករង ជាតំណាងឯកឧត្តម ហ៊ត ផេង អគ្គនាយកនៃអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានថ្លែងថា៖ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការលើកស្ទួយវិស័យឯកជននិងការងារ ក្នុងមុំទី២និងមុំទី៣នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃ រដ្ឋសភាបានដាក់ឲ្យអនុវត្ត និងជាយុទ្ធសាស្ត្រគន្លឹះក្នុងការអភិវឌ្ឍប្រភពកំណើនសេដ្ឋកិច្ចថ្មីៗក្នុងការលើកស្ទួយវិស័យសហគ្រាសធុបតូចនិងមធ្យម សហគ្រិនភាព និងប្រកួតប្រជែង។ លោកបានបន្តទៀតថា៖ក្នុងបរិបទនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឲ្យក្រសួងរៀបចំកសាងច្បាប់ បទបញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តិនានាសម្រាប់លើកស្ទួយនិងគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដើម្បីធានាបាននូវឧត្តមភាពប្រកួតប្រជែង ដែលមានចរិតជាយុទ្ធសាស្ត្រតភ្ជាប់ទៅកាន់ខ្សែសង្វាក់តម្លៃតំបន់និងសកល។
លោក ឡោ សត្យា បានសង្កត់បន្ថែមថា គម្រោងប្រឹក្សាយោបល់និងដំណោះស្រាយបច្ចេកវិទ្យា ពីប្រទេសកូរ៉េ TASK Program ដែលបានចុះអនុស្សរណៈអនុវត្តគម្រោងអំឡុង ខែឧសភា ២០១៨ដែលជាគម្រោងជំហានទី១របស់ខ្លួន គឺមានសហគ្រាស សិប្បកម្មចំនួន១១ នៅក្នុងរាជធានីភ្នំពេញបានចូលរួមអនុវត្ត ដោយទទួលបានជំនួយបច្ចេកទេសពីទីប្រឹក្សាកូរ៉េ ទៅលើការអភិវឌ្ឍផលិតផលការវេចខ្ចប់ និងការរក្សាទុកប្រកបដោយសុវត្ថិភាពនិងអនាម័យខ្ពស់ ក៏ដូចជាការណែនាំផលិតផលម្ហូបអាហារទៅទីផ្សារកូរ៉េ តាមរយៈការតាំងពិព័ណ៌ផលិតផលនៃប្រទេសកូរ៉េផងដែរ។ ហើយសម្រាប់ជំហានទី២នេះ គឺនៅខេត្តបាត់ដំបង និងខេត្តសៀមរាប ថៗដើម្បីស្វែងរកសហគ្រាស និងសិប្បកម្មផលិត និងការកែច្នៃម្ហូបអាហារ ដើម្បីចូលរួមបន្តសម្រាប់ទទួលបាននូវជំនួយបច្ចេកទេស ពីភាគីកូរ៉េ ជាបន្តទៀត។
ឯកឧត្តម យឹម សៀប អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាល ខេត្តបាត់ដំបង បានថ្លែងបើកក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះថា៖ដើម្បីឈានដល់គោលដៅខាងលើនេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការអនុវត្តគោលការណ៍សកលភាវូបនីយកម្មសេដ្ឋកិច្ចនឹងបានប្រឹងប្រែងរកទីផ្សារសម្រាប់ផលិតផលរបស់កម្ពុជា។
ឯកឧត្តមអភិបាលរងខេត្ត យឹម សៀប ក៏បានថ្កែងសង្កត់ធ្ងន់បន្ថែមទៀតថា៖គោលដៅសំខាន់នៃគម្រោងនេះ គឺ៖ដើម្បីជួយដល់បណ្តាសហគ្រាស-សិប្បកម្មនៅកម្ពុជា ជាពិសេស ក្នុងខេត្តបាត៎ដំបងដើម្បីឲ្យទទួលបាននូវជំនួយបច្ចេកទេស បច្ចេកវិទ្យា ថ្មីៗ ព្រមទាំងការប្រឹក្សាយោបល់ទៅលើការកែលម្អដំណើរការផលិតកម្មឲ្យកាន់តែល្អប្រសើរជាងមុន និងមានគុណភាព-សុវត្ថិភាពជាងមុន សំដៅដល់ការទទួលបាននូវជំនឿទុកចិត្តក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុករបស់ខ្លួន និងមានការគាំទ្រកាន់តែខ្លាំងឡើង សំដៅកាត់បន្ថយការនាំចូល ក៏ដូចជាបង្កើតសក្តានុពលរបស់សហគ្រាស-សិប្បកម្ម ដែលមានសមត្ថភាពខ្ពស់ក្នុងការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្ដារក្នុងប្រទេសកូរ៉េ ជាដើម។ គួររំលឹកដែរថា៖សម្រាប់វិស័យឧសហសាហកម្ម នៅក្នុងខេត្តបាត់ដំបង គឺ៖មានសហគ្រាស-សិប្បកម្មផលិតម្ហូបអាហារមាន ចំនួនសរុប ជាង២០០មូលដ្ឋាន ក្នុងនោះ សហគ្រាស-សិប្បកម្មផលិតទឹកពិសារ មានចំនួនជិត១០០សហគ្រាស-សិប្បកម្ម ៕ ( អត្ថបទ- រូបភាព ៖ អ៊ុក សំអាន បប )