ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានប្រកាសកែសម្រួលរៀបចំបំពេញបន្ថែមសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកភ្នំព្រឹក និង ស្រុកថ្មគោល

អត្ថបទដោយ៖
Kien Sereyvuth

 ដើម្បីពង្រឹងក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង នៅតាមបណ្តាស្រុក-ក្រុងទាំង១៤ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារយុវជនបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសនិងកែសម្រួលនូវសមាសភាពនិងបានបំពេញបន្ថែមនូវរចនាសម្ព័ន្ធដឹកនាំរបស់យុវជនគណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកចំនួន០២ រួមមាន៖ ស្រុកភ្នំព្រឹក និង ស្រុកថ្មគោល។ ដែលបានធ្វើឡើង កាលពីថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២០ចុងសប្តាហ៍នេះ។

     ឯកឧត្តម ងួន រតនៈ សមាជិកគណៈកម្មាធិករកណ្តាល និងជា ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសកែសម្រួល និងបានបំពេញបន្ថែមនូវសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា នៅស្រុកទាំង២ខាងលើនេះ ក្នុងនោះ៖ ស្រុកភ្នំព្រឹក ត្រូវបានប្រកាសទទួលស្គាល់យុវជនគណបក្សសរុប៤១រូប ហើយលោក សុង សុភ័ក្ត្រត្រូវបានជ្រើសរើស ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ដោយឡែកនៅថ្ងៃដដែលនេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកថ្មគោល ខេត្តបាត់ដំបង ក៏មានរៀបចំប្រកាសទទួលស្គាល់និងបំពេញបន្ថែមនូវសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកថ្មគោល ចំនួន ៨៦រូប ផងដែ។ ក្នុងនោះលោក ហ៊ីង ប៊ុនថាន់ ត្រូវបានជ្រើសរើសជាប្រធានយុវជនគណបក្សប្រជាជន ស្រុកថ្មគោល។

     នៅក្នុងពិធីប្រកាសទទួលស្គាល់ សមាសភាពក្រុមយុវជនគណបក្សប្រជាជនកម្ពុជាស្រុកភ្នំព្រឹក និងស្រុកថ្មគោលនេះ ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានឧបត្ថម្ភ នូវ ថវិកាចំនួន១លានរៀល ដល់ក្រុមការងារយុវជនគណបក្សស្រុកទាំង២ ផងដែរ។

       ឯកឧត្តម ងួន រតនៈ បានថ្លែងក្នុងឱកាសប្រកាសសមាសភាព និង បំពេញបន្ថែមក្រុមការងារយុវជនគណបក្សស្រុកទាំង២ខាងលើ ដោយលើកឡើងថា៖ ការកែសម្រួលនិងបំពេញបន្ថែមនូវរចនាសម្ព័ន្ធយុវជនគណបក្សនេះ គឺដើម្បីឆ្លើយតបទៅនិងការវិវត្តន៍រីកចម្រើនរបស់គណបក្ស និងដើម្បីត្រៀមបំរុងឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នា ឆ្នាំ២០២២-និង ការបោះឆ្នោតសកល នៅឆ្នាំ២០២៣ ខាងមុខនេះផងដែរ។

      ឯកឧត្តមប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ក៏បានធ្វើការក្រើនរំលឹក និងផ្តល់អនុសាសន៍គន្លឹះដល់ថ្នាក់ដឹកនាំនិងយុវជនទាំងអស់ត្រូវប្រមូលផ្តុំកម្លាំងយុវជនដើម្បីបម្រើក្នុងសកម្មភាពនយោបាយរបស់គណបក្សប្រជាជនក្នុងការជម្រុញឲ្យយុវជនទាំងអស់ត្រូវបន្តសកម្មភាពកសាងនូវកម្លាំងយុវជនយើង ក្រោមពាក្យស្លោក ថែបំប៉នកម្លាំងយុវជនចាស់ដែលមាន និង បង្កើនការកសាងយុវជនថ្មីតាមរយៈយុវជនជាកូនចៅសមាជិកគណបក្សប្រជាជននិងកម្លាំងថ្មីតាមរយៈការចលនាអូសទាញយុវជនដែលមិនទាន់បម្រើសកម្មភាពនយោបាយឲ្យគណបក្សណាមួយឬកម្លាំងយុវជននៅក្នុង
គណបក្សដទៃ ដើម្បីឲ្យពួកគេងាកមកគាំទ្រនិងបានចូលរួមនិងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាយើង ក្នុងគោលដៅ ដើម្បីកៀងគរនូវកម្លាំងចូលរួមគាំទ្រនិងដណ្តើមនូវប្រៀបឈ្នះក្នុងការបោះឆ្នោតជូនគណបក្សប្រជាជននៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ។

       ជាមួយគ្នានេះផងដែរ ឯកឧត្តម ងួន រតនៈ ក៏បានអញ្ជើញចុះទៅពិនិត្យមើលការសាងសង់អគារទីស្នាក់ការថ្មីរបស់គណបក្សប្រជាជនកម្ពុជា ស្រុកសំពៅលូន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបងនិងបានទៅពិនិត្យមើលការដ្ឋានសាងសង់អាគារសិក្សាថ្មីនៃវិទ្យាល័យសំពៅលូន០១ខ្នង ដែលមានកម្ពស់ ៣ជាន់ ស្មើនឹង៣០បន្ទប់, អគារទីចាត់ការថ្មី ០១ខ្នង ព្រមទាំងទីលានបាល់ទាត់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ផ្ទាល់ផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner