ក្រុមហ៊ុន ខលហ្គេត ឧបត្ថម្ភសាប៊ូលាងដៃរាប់សិបលានដុំទៅកាន់ពិភពលោក រួមទាំងកម្ពុជា ដើម្បីប្រឆាំងនឹងកូរីដ-១៩ ក្នុងយុទ្ធនាការ (#SafeHands Challenge) របស់អង្គការសុខភាពពិភពលោក
ភ្នំពេញ៖ ក្នុងនាមជាក្រុមហ៊ុនធំមួយបាននិងកំពុងបោះទុនរកស៊ីនៅកម្ពុជានោះ ក្រៅពីការខិតខំប្រឹងប្រែងលើកកម្ពស់ការប្រកបអាជីវិកម្មរបស់ខ្លួន ទាំងផលិតផល និងសេវាកម្ម ក៏ដូចជាការស្វែងរកប្រាក់ចំណូលផងនោះ ក្រុមហ៊ុនក៏បានចូលរួមបរិច្ចាគប្រាក់ចំណូលមួយផ្នែករបស់ខ្លួន ដើម្បីជួយត្រឡប់ទៅដល់សង្គមកម្ពុជាវិញផងដែរ ។
ជាក់ស្តែងដោយមូលហេតុនៃជំងឺរាតត្បាតសកលកូរីដ-១៩ នៅតែចោទជាបញ្ហាសម្រាប់សុខភាពសាធារណៈ និងកំពុងរីករាលដាលពាសពេញពិភពលោកនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនខលហ្គេត បានឧបត្ថម្ភសាប៊ូលាងសម្អាតដៃចំនួន២៥លានដុំទៅកាន់ពិភពលោក រួមទាំងកម្ពុជាក៏បានទទួលសាប៊ូសរុបចំនួន២៥ម៉ឺនដុំផងដែរ ក្រោមយុទ្ធនាការ ស៊ែវហេនស៍ ឆាលេន(#SafeHands Challenge) របស់អង្គការសុខភាពពិភពលោក ដើម្បីលើកទឹកចិត្តប្រជាជនទាំងអស់ថែរក្សាការពារសុវត្ថិភាពដៃរបស់ខ្លួន ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនខលហ្គេតបានអោយដឹងថា ដើម្បីចូលរួមទប់ស្កាត់ និងប្រឆាំងការឆ្លងជំងឺកូវីដ-១៩ ដែលមិនទាន់សាបរលាបនោះ អង្គការសុខភាពពិភពលោកបានចាប់ផ្តើមធ្វើយុទ្ធនាការ ស៊ែវហេនស៍ ឆាលេន (#SafeHands Challenge) នៅលើបណ្តាញសង្គមទូទាំងពិភពលោក ដើម្បីលើកទឹកចិត្តប្រជាជនទាំងអស់ឱ្យយល់កាន់តែច្បាស់ពីការការពារ និងថែរក្សាដៃឲ្យមានសុវត្ថិភាព ។ ដើម្បីឆ្លើយតប និងចូលរួមក្នុងយុទ្ធការរបស់អង្គសុខភាពពិភពលោកនោះ ក្រុមហ៊ុន ខលហ្គេត បានចូលរួម និងចែកចាយយុទ្ធនាការ ស៊ែវហេនស៍ ឆាលេន (#SafeHands Challenge) ដោយបានផលិតសាប៊ូចំនួន២៥លានដុំ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសុខភាពពិភពលោក ហើយសាប៊ូចំនួន ២៥ម៉ឺនដុំត្រូវបានបរិច្ចាគដល់ប្រជាជនដែលកំពុងត្រូវការនៅកម្ពុជា សំដៅជួយបញ្ឈប់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ តាមរយៈមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (យូនីសេហ្វ) ។

ក្នុងនោះសាប៊ូជាច្រើនដុំក្នុងចំណោម២៥ម៉ឺនដុំបានចែកចាយរួចរាល់ពាសពេញប្រទេសកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរថ្នាក់ក្រោមជាតិទៅកាន់ខេត្តចំនួន០៥ ដូចជាខេត្តតាកែវ ខេត្តរតនគិរី ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តព្រះវិហារ និងខេត្តក្រចេះ ក្នុងតំបន់ដាច់ស្រយាល ។
ក្នុងសេចក្តីប្រកាសដដែលរបស់ក្រុមហ៊ុនមួយនេះបានអោយដឹងទៀតថា ខលហ្គេត កំពុងគាំទ្រយុទ្ធនាការនេះយ៉ាងពេញទំហឹង ដូចដែលខ្លួនបានប្តេជ្ញាចិត្តចំពោះប្រជាជន និងសង្គមកម្ពុជា ។ ខលហ្គេតសូមលើកទឹកចិត្តប្រជាជនឱ្យលាងសម្អាតដៃឱ្យបានត្រឹមត្រូវ និងសុវត្ថិភាព ពីវីរុស បាក់តេរី និងមេរោគដែលបង្កគ្រោះថ្នាក់ផ្សេងៗទៀត ។ ក្រុមហ៊ុនជឿជាក់ថា ទាំងអស់គ្នានឹងមានអនាគតល្អប្រសើរ ជាមួយស្នាមញញឹមរួមគ្នានាពេលអនាគតដ៏ខ្លីខាងមុខនេះ ៕




