នៅចុងឆ្នាំនេះឬដើមឆ្នាំ២០២១ខាងមុខ ខេត្តបាត់ដំបង នឹងមានអាគារមន្ទីរពេទ្យដ៏ប្រណិតបំពាក់នូវសម្ភារៈបរិក្ខាពេទ្យទំនើបទាន់សម័យ ជាជំនួយមនុស្សធម៌របស់ប្រជាជនជប៉ុនជួយដល់មន្ទីពេទ្យបង្អែកខេត្តបាត់ដំបង (មានវីដេអូ)
នៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២១ ខាងមុខនេះ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងទទួលបាននូវអាគារមន្ទីរពេទ្យដ៏ប្រណិតថ្មីមួយបន្ថែមទៀតដែលជាចំណងដៃមនុស្សធម៌នៃប្រជាជនជប៉ុន។ ហើយអាគារថ្មីនេះនិងបំពាក់ដោយគ្រឿងសង្ហារឹមសម្ភារៈបរិក្ខាព្យាបាលទំនើបៗ ដ៏ទាន់សម័យ សម្រាប់ព្យាបាលដល់អ្នកជម្ងឺក្នុងខេត្ត។
អាគារមន្ទីរពេទ្យថ្មី ជាជំនួយឥតសំណងនៃរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុនតាមរយៈJICAជប៉ុនដែលផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល ដើម្បីផ្តល់ជូនមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ត្រូវបានសាងសង់ដោយក្រុមហ៊ុនធីសូស៊ីយ៉ា ខបភើរេស៊ិន ដោយចាប់ផ្តើមសាងសង់កាលពីថ្ងៃទី០១ខែមករាឆ្នាំ២០១៨ លើផ្ទៃដីសរុបប្រមាណ ៥៤ ពាន់២៩៥ម៉ែត្រក្រឡា និងមានកម្ពស់០២ជាន់ ហើយនិងមានផ្ទៃក្រឡាគ្រប់ជាន់សរុបប្រមាណជាង ៥ពាន់ ១៩២ ម៉ែត្រក្រឡា។ ហើយត្រូវបានបញ្ចប់នូវការសាងសង់ជាស្ថាពរកាលពីចុងខែឧសភាឆ្នាំ២០២០ថ្មីៗនេះ ក្រោយពីបញ្ចប់ការងាររបស់ខ្លួន។ អាគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ពិធីប្រគល់និងទទួលនេះធ្វើឡើងក្រោមវត្តមានលោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល ខេត្តបាត់ដំបង និង លោក កាក់ សិលាប្រជានមន្ទីរពេទ្យបង្អែកខេត្ត នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ និងដោយមានការចូលរួមពីមន្ត្រីសំខាន់ៗទាំងនៅក្នុងមន្ទីរសុខាភិបាលនិងមន្ទីរពេទ្យបង្អែកជាច្រើនរូបផងដែរ។ មុននឹងទទួលនូវអាគារមន្ទីរពេទ្យបង្អែកថ្មី ដែលជាជំនួយមនុស្សធម៌របស់ប្រជាជនជប៉ុននេះ ទាំងខាងភាគីម្វាស់និងអ្នកអនុវត្តគម្រោងសាងសង់របស់ជប៉ុន ក៏បានធ្វើទស្សនកិច្ចពិនិត្យមើលពីសមិទ្ធផលថ្មីក្នុងអាគារដ៏ស្កឹមស្កៃមួយនេះដែលជាផ្នែកមួយជួយដល់វិស័យសុខមាលភាព របស់ប្រជាជន ក្នុងខេត្តបាត់ដំបងសម្រាប់ថ្ងៃអនាគត ដែលនិងគ្រោងបំពាក់ នូវគ្រឿងសម្ភារៈបរិក្ខាសំរាប់ការពិនិត្យព្យាបាលក្នុងពេលឆាប់ៗ ហើយនិងគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃខាងមុខ ទៅតាមពេលវេលាដ៏សមស្រប។ បើតាមការរំពឹងទុក មន្ទីរពេទ្យនេះនិងចាប់ដំណើរការពេញលេញនៅចុងឆ្នាំ២០២០ឬដើមឆ្នាំ២០២១ខាងមុខនេះ។
ថ្លែងក្នុងពិធីប្រគល់និងទទួលនូវអាគារសាងសង់រួចនេះ លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីសុខាភិបាល ខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងថា៖ អាគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់ដោយយកចិត្តទុកដាក់ត្រឹមត្រូវតាមស្តង់ដារម្ចាស់អំណោយ និង ម្ចាស់គម្រោង ដើម្បីបម្រើនូវសេចក្តីត្រូវការជួយដល់ប្រជាជនកម្ពុជា និងជាពិសេសប្រជាជន ខេត្តបាត់ដំបង។ លោកប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរដល់ម្ចាស់គម្រោង Jica និងក្រុមហ៊ុនសាងសង់ស៊ូហ្ស៊ីយ៉ា និងក្នុងនាមជំនួសមុខឲ្យ រដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្តបាត់ដំបងក៏ដូចជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីរពេទ្យបង្អែកខេត្ត ដោយបានសន្យានិងខិតខំប្រើប្រាស់អាគារថ្មីនេះឲ្យបានសមស្របឆ្លើយតបបំណងប្រាថ្នារបស់ម្ចាស់ជំនួយមនុស្សធម៌និងបម្រើប្រជាពលរដ្ឋ នូវក្នុងគោលដៅសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងខេត្តក៏ដូចជាប្រជាជនកម្ពុជាឲ្យអស់លទ្ធភាពនិងថែរក្សាអាគារនេះឲ្យបានគង់វង់យូរអង្វែង និងខិតខំរក្សានូវមិត្តភាព
និងចំណងសាមគ្គីភាព រវាងប្រជាជនកម្ពុជានិងប្រជាជនជប៉ុន ឲ្យកាន់តែរឹងមាំថែមទៀត៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )













