នាយករដ្ឋមន្រ្តីប៉ាគីស្ថានអះអាងថា ខ្លួនមិនចង់ឃើញប្រជាជនស្លាប់ដោយសារការអត់ឃ្លាន ព្រោះតែការបិទប្រទេសដើម្បីទប់ស្កាត់ Covid-19 ឡើយ
ប៉ាគីស្ថាន៖ សារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក អ៊ីមរ៉ាន់ ខាន់ នឹងមិនចេញបញ្ជាអោយបិទប្រទេស ដោយសារតែការឆ្លងរាតត្បាតនៃជម្ងឺ Covid-19 ជាថ្មីទៀតនោះទេ ហើយថា រូបលោកមិនចង់ឃើញប្រជាជនខ្លួនស្លាប់ព្រោះតែការអត់ឃ្លាន ស្របពេលកំពុងព្យាយាមសង្គ្រោះជីវិតពួកគេពីការឆ្លងវីរុសដ៏កាចសាហាវមួយនេះ ។
លោក អ៊ីមរ៉ាន់ ខាន់ បានថ្លែងបែបនេះទៅកាន់អ្នកយកព័ត៌មាននៅថ្ងៃពុធម្សិលមិញ នៅឯភាគខាងកើតទីក្រុង ឡាហូរ ប៉ុន្មានម៉ោងក្រោយអាជ្ញាធរបានរាយការណ៍ពីករណីស្លាប់ដោយសារជម្ងឺ Covid-19 ថ្មីៗចំនួន៥៩នាក់បន្ថែមទៀត ខណៈប៉ាគីស្ថានក្លាយជាប្រទេសមួយដែលមានចំនួនអ្នកស្លាប់កើនខ្ពស់បំផុត នៅក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ និងករណីឆ្លងថ្មីៗចំនួន៣ពាន់នាក់ផ្សេងទៀតក៏ត្រូវបានរាយការណ៍ផងដែរ ។
នាយករដ្ឋមន្រ្តីប៉ាគីស្ថានរូបនេះបញ្ជាក់ទៀតថា រូបលោកមិនចង់បិទរោងចក្រ ហាងលក់ទំនិញ និងផ្សារទំនើបនោះទេ ដោយសារវានឹងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ ហើយជាមួយគ្នានេះ លោក ខាន់ ក៏បានជម្រុញផងដែរ អោយប្រជាជនរឹតបន្តឹងវិធានការរក្សាគម្លាតសង្គម ហើយថា ការពាក់ម៉ាសការពារគឺជាវិធីការពារដ៏ងាយស្រួលបំផុត ដើម្បីទប់ស្កាត់ជម្ងឹ Covid-19 ៕


