លោកជំទាវ ឌិត និតា ចុះសួរសុខទុក្ខ និងចែកអំណោយ ដល់កុមារនៃអង្គការទ្រទ្រង់សហគមន៍កុមារកម្ពុជា
លោកជំទាវ ឌិត និតា អគ្គនាយិកាគ្រឹះស្ថានខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត និងសហការី នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នេះបានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់កុមារនៃអង្គការទ្រទ្រង់សហគមន៍កុមារកម្ពុជា នៅក្នុងភូមិអណ្តូង១ សង្កាត់គោករកា ខណ្ឌ័ព្រឺកព្នៅ រាជធានីភ្នំពេញ។
លោក សេង ហ៊ាប ប្រធានអង្គការទ្រទ្រង់សហគមន៍កុមារកម្ពុជា បានបញ្ជាក់ឱ្យដឹងថា នេះជាលើកទី៣ហើយ ដែលលោកជំទាវ ឌិត នីតា និងសហការី បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយដល់អង្គការទ្រទ្រង់សហគមន៍កុមារកម្ពុជា។ លោក សេង ហ៊ាប បានបន្ថែមថា កន្លងមក លោកជំទាវ ឌិត និតា តែងយកចិត្តទុកដាក់ជីវភាពរស់នៅរបស់កុមារកំព្រា ក្មេងអនាថា គ្មានទីពឹង និងកុមារមកពីគ្រួសារក្រីក្រ ដែលបាននឹងកំពុងរស់នៅក្រោមការគ្រប់គ្រងមើលថែរបស់អង្គការ ដែលត្រូវប្រឈមទៅលើការចំណាយច្រើន ជាពិសេសគឺចំណាយ លើការហូបចុកស្នាក់នៅ និងសម្លៀកបំពាក់ជាដើម។
អង្គការនេះបានបង្កើតឡើងអស់រយៈពេល៣០ឆ្នាំមកហើយ ពីមុនមានឈ្មោះថាសហគមន៍បណ្តុះបណ្តាលកុមារកំព្រា យុវជនពិការ និងស្ត្រីក្រីក្រ និងបានប្តូរឈ្មោះមកជា អង្គការទ្រទ្រង់សហគមន៍កុមារកម្ពុជាវិញ។ កុមារកំព្រាឪពុកម្តាយ កុមារអនាថា គ្មានទីពឹង និងកុមារនៃគ្រួសារក្រីក្រ មកពីរាជធានីភ្នំពេញ និងបណ្តានានា បាននឹងកំពុងស្នាក់នៅ រៀនសូត្រ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកន្លងមកបានទទួលការឧបត្ថម្ភគាំទ្រពីសប្បុរសជនជប៉ុន សម្រាប់អាហាររូបករណ៍ការសិក្សាក្នុងស្រុក និងទៅសិក្សានៅប្រទេសជប៉ុន។
ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងចូលរួមចំណែកថែរក្សាអនាម័យសុខភាព ចូលរួមជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ ថ្នាក់ដឹកនាំ និងបុគ្គលិកប្រតិបត្តិគ្រប់គ្រងគ្រឹះស្ថានខេមា មីក្រូហិរញ្ញវត្ថុលីមីត ដឹកនាំដោយលោកជំទាំវ ឌិត និតា អគ្គនាយិកាគ្រឹះស្ថានខេមា មីក្រូហិរញ្ញវត្ថុលីមីត ប្រមាណជា ២០នាក់ បានផ្តល់អង្ករចំនួន ៥០០ គីឡូក្រាម មីចំនួន១០កេះ ត្រីខកំប៉ុងចំនួន ៤កេះធំ ទឹកត្រី ទឹកស៊ីអ៊ីវចំនួន ៤យួរ និងសម្ភារការពារជម្ងឺកូវីដ១៩ រួមមានជែល អាកុលលាងដៃ ម៉ាសក្រមា និងក្រដាស់សើមសម្រាប់ជូតដៃ ជូនដល់កុមារកំពុងស្នាក់នៅក្នុងអង្គការដែលមានចំនួនសរុបនាពេលបច្ចុប្បន្ន ៥៦នាក់ ។
គួររំលឹកថា គ្រឹះស្ថានខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានទទួលអាជ្ញាបណ្ណ ពីធនគារជាតិនៃកម្ពុជា នៅឆ្នាំ២០១០។ គិតត្រឹមខែឧសភា ឆ្នាំ២០២០ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត មានអតិថិជនសកម្មសរុបចំនួន ១៨៦៥ នាក់ និងផលប័ត្រកម្ចីសរុបចំនួន ១៤ លានដុល្លារអាម៉េរិក ដែលមាន ៤សាខា កំពុងធ្វើប្រតិបត្តិការ ក្នុងនោះ ១សាខា ក្នុងរាជធានីភ្នំពេញ ២សាខា ក្នុងខេត្តកណ្តាល និង១សាខាទៀត ក្នុងខេត្តកំពង់ស្ពឺ។
ទស្សនៈវិស័យរបស់គ្រឹះស្ថានខេមា គឺក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏មានទំនុកចិត្ត ក្នងការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយបរិយាប័ន្ន និងភាពច្នៃប្រឌិត ដល់ប្រជាជនកម្ពុជា និងរក្សាបាននូវអត្ថប្រយោជន៍ជូនអតិថិជន បុគ្គលិក ភាគទុនិក និងសង្គមជាតិទាំងមូល។ បេសកកម្មរបស់គ្រឹះស្ថាន ខេមា ផ្តល់នូវសេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងមានឥទ្ធិពលដល់សមាគមន៍សហគ្រាសធុនតូច និងមធ្យម និងកសិករ ជាពិសេសស្រ្តី ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវខ្ពស់៕














