ហ្គេមបាញ់ត្រី និងជាជម្រកក្រុមញៀនថ្នាំក្នុងសំណង់អណាធិបតេយ្យ (ផ្លូវរថភ្លើង)សង្កាត់ស្រះចកខណ្ឌដូនពេញ បើកលេងវិញហើយ
រាជធានីភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងដែលសម្បូរក្រុមអ្នកញៀនល្បែង ក៏ដូចជាក្រុមជនសង្ស័យញៀនថ្នាំនាំគ្នាមកពួនសម្ងំលាក់ខ្លួនប្រើប្រាស់ថ្នាំញៀនទៀតផង កំពុងបើកដំណើរការយ៉ាងរលូន ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ គួរបញ្ជាក់ដែរថា នាពេលកន្លងមកលោកឯកឧត្តមឧត្តមសេនិយ៍ឯក ស ថេត អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសក្ដែងៗថា ត្រូវតែលុបបំបាត់ឲ្យអស់នៅល្បែងស៊ីសងទាំងអស់ក្នុង១៤ខណ្ឌ។
ប៉ុន្តែបទបញ្ជារបស់លោកហាក់បីដូចជាសាបដូចទឹកទន្លេ ខណៈដែលទីតាំងហ្គេមបាញ់ត្រី ស្ថិតនៅតាមបណ្ដោយផ្លូវ រថភ្លើង ក្រុម៣៩ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ កំពុងបើកលេងបង្អួតភ្នែកអាជ្ញាធរ និងសមត្ថកិច្ច យ៉ាងរលូនដោយមិនខ្លាចញញើតអ្វីបន្តិចសោះឡើយ ។
សូមរំលឹកថា កន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន ដើម្បីធានាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់នៅក្នុងសង្គមជូនប្រជាពលរដ្ឋ ឱ្យស្របតាមគោល នយោបាយ ភូមិសង្កាត់មានសុត្ថិភាព ទាំង៩ចំណុច ដែលក្រសួងមហាផ្ទៃដាក់ឲ្យអនុវត្តន៍៕


