ផ្សារឃ្លាំងរំសេវថ្មីសែនសុខ» បើកសម្ពោធជាផ្លូវការរួមចំណែកអភិវឌ្ឍន៍ទីផ្សារវិស័យឯកជននៅតំបន់សែនសុខ
ភ្នំពេញ ៖ ដូចទៅនឹងការរំពឹង និងស្របទៅតាមផែនការ ផ្សារឃ្លាំងរំសេវថ្មីសែនសុខ បានបើកសម្ពោធជាផ្លូវការហើយនៅថ្ងៃ27 ខែវិច្ឆិកា ឆ្នាំ2020នេះ ស្ថិតនៅលើផ្ទៃដីទំហំសរុបជាង 7ហិកតា និងចំណាយពេលសាងសង់អស់យៈពេល9ខែ ។ នេះបើតាម លោក សោម កែវម៉ាលីដា សហស្ថាបនិកផ្សារឃ្លាំងរំសេវថ្មីសែនសុខនេះបញ្ជាក់ប្រាប់។

លោក សោម កែវម៉ាលីដា បានប្រាប់ភ្នាក់ងារ AMSថា ៖« ស្របពេលដែលខណ្ឌសែនសុខ កំពុងតែមានការអភិវឌ្ឍ ផ្សារឃ្លាំងរំសេវថ្មីសែនសុខ បានរួមចំណែកក្នុងការអភិវឌ្ឍតំបន់នេះកាន់តែមានភាពអ៊ូរអរ ព្រោះគឺជាតំបន់មួយប្រមូលផ្តុំទៅដោយលំនៅស្ថាន ហើយថ្មីៗនេះមានការវិនិយោគពីក្រុមហ៊ុនធំៗ ដូចជា ផ្សារទំនើបអ៊ីអន២ (Aeon 2) ផ្សារម៉ាក្រូ (Makro) ព្រីម៊ែរសែនសុខ (Premier Sen Sok) និងហ្គ្លូបលហោស (Global House) ជាដើម»។

«ទីតាំងផ្សារឃ្លាំងរំសេវថ្មី» សែនសុខនេះ គឺមានសក្ដានុពលខ្ពស់ អំណោយផលដល់ការធ្វើអាជីវកម្មគ្រប់ប្រភេទដល់អាជីវករ ដែលក្រៅពីស្ថិតនៅក្នុងតំបន់ដែលមានការអភិវឌ្ឍ មានមនុស្សរស់នៅច្រើន និងមានវត្តមានរបស់ក្រុមហ៊ុនជាតិ និងអន្តរជាតិធំៗចូលមកបង្ហាញវត្តមាននៅទីនេះផងដែរ ដែលតូបហ៊ុព័ទ្ធជុំវិញជាគម្រោងផ្សារទំនើប The Green Avenue Community Malls រួមជាមួយនឹងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនទៀត ពិសេសជាងនេះ យើងនឹងមាន Stabak និង The Pizza Cmpany ចូលរួមផងដែរ។
លោក សោម កែវម៉ាលីដា បានបញ្ជាក់ថា ៖ «ដោយឡែកអាជីវករផ្សារឃ្លាំងរំសេវចាស់ បានចូលរួក្នុងទីតាំងថ្មីនេះ និងជាមួយអាជីវករថ្មីមួយចំនួន ជាតូបលក់ផលិតផល សរុបទាំងអស់ 980តូប និងតូបលក់បន្លែត្រីសាច់ធម្មជាតិ200 អមជាមួយ Shophouse មាន100តូប ដែលសរុបទីផ្សារទាំងមូលមានរហូតដល់ជាង 1000តូប»។
សហស្ថាបនិករូបនេះបញ្ជាក់ដែរថា ៖ « ផ្សារឃ្លាំងរំសេវថ្មីសែនសុខ» បច្ចុប្បន្នមានអាជីវករប្រហែលទៅ 98% ដែលបានកក់ទិញតូបរួចរាល់អស់ហើយ ដោយសារការអភិវឌ្ឍទីផ្សារនៅមិនទាន់បានបញ្ចប់ទាំងស្រុងនោះ យើងបានចំណាយទឹកប្រាក់ប្រមាណជាង៣លាន ត្រឹមពេលសម្ពោធទីផ្សារ តែយើងនៅបន្តគម្រោងបន្ថែមទៀត»។
លោក សោម កែវម៉ាលីដា បានបញ្ជាក់ទៀតថា ៖«នៅពេលដែលយើងបើកសម្ពោធទីផ្សារនេះ មានអាជីវករនៅតាមផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញបានចាប់អារម្មណ៍ ចង់ចូលរួមជាមួយយើងជាបន្តបន្ទាប់ ដូច្នេះយើងក៏សង្ឃឹមថា ពេលបើកសម្ពោធទីផ្សារនេះនឹងដំណើរការ ដែលអាចជួយជំរុញទីផ្សារវិស័យឯកជនឱ្យរីកចម្រើនទៅមុខ»៕


