បញ្ជាការដ្ឋានកងទ័ពជើងគោកទទួលរថយន្ត១០គ្រឿងពីក្រុមហ៊ុនតេលា

បញ្ជាការដ្ឋានកងទ័ពជើងគោក បានទទួលរថយន្តចំនួន១០គ្រឿងពីក្រុមហ៊ុនឯកជនកម្ពុជាតេលា។ រថយន្ត ទាំង១០គ្រឿងរបស់ក្រុមហ៊ុនកម្ពុជាតេលាក្នុងនោះរួមមានរថយន្តប្រភេទដឹកជញ្ជូនអ្នកដំណើរ ចំនួន ៤គ្រឿង និងរថយន្តដឹកប្រេងឥន្ធនៈ ចំនួន០៦គ្រឿង ត្រូវបានប្រគល់នាព្រឹកមិញនេះ ជូនដល់បញ្ជាការដ្ឋានកងទ័ព ជើងគោក និងបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។ ពិធីប្រគល់និងទទួលរថយន្ត បានធ្វើឡើង នៅទីបញ្ជាការកងទ័ពជើងគោ ក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ លោកឧកញ៉ា ឈុន អូន អគ្គនាយកក្រុម ហ៊ុនកម្ពុជាតេលា បានអញ្ជើញចូលរួមក្នុងវេលានោះផងដែរ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមហ៊ុនកម្ពុជាតេលា ដែលជានិច្ចកាលតែង តែបានជួយឧត្ថម្ភគាំទ្រដល់កងទ័ព ទាំងការជួយផ្គត់ផ្គង់ប្រេងឥន្ធនៈ និងការជួយដោះស្រាយតម្រូវការផ្សេងៗ របស់កងទ័ពនាពេលកន្លងមក។  លោកបានចាត់ទុក ការផ្តល់រថយន្តទាំង១០គ្រឿងនៅពេលនេះ គឺពិតជាបាន ឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់អង្គភាពលើមធ្យោបាយដឹកជញ្ជូន ជាពិសេសការធានាម្ចាស់ការ ចល័តផ្គត់ផ្គង់ប្រេងឥន្ទនៈឱ្យបានទាន់ពេលវេលា នៅពេលមានតម្រូវការបន្ទាន់។ លោកឧកញ៉ា ឈុន អូន បាន សម្តែងនូវទឹកចិត្តរីករាយ និងប្តេជ្ញាបន្តជួយដល់កងទ័ពជានិច្ច ជាពិសេសនៅពេលមានតម្រូវការគ្រប់កាលៈ ទេសៈ៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner