នាយករដ្ឋមន្ត្រីថៃត្រូវក្រុមសិទ្ធិមនុស្សប្តឹង ករណីយកច្បាប់ភាពអាសន្នដ៏អាក្រក់ បង្ក្រាបបាតុកម្ម
បណ្តាមេដឹកនាំបាតុកម្ម និងមេធាវីក្រុមសិទ្ធិមនុស្សបានដាក់ពាក្យប្តឹងលើលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា និង ឧបនាយករដ្ឋមន្ត្រី ប្រាវីដ វុងស៊ូវុន និងបុគ្គលមួយចំនួនទៀត ទាមទារប្រាក់សំណងជំងឺចិត្ត ៣.៥លានបាត ទូទាត់ការខូចខាតដោយសារតែការប្រកាសប្រទេសក្នុងភាពអាសន្នដ៏អាក្រក់ កាលពីខែមុន នេះបើតាមការចេញផ្សាយរបស់បាងកកប៉ុស្តិ៍ នៅថ្ងៃទី២៧ វិច្ឆិកា ២០២០នេះ។
ប្រភពថា ក្រុមតំណាងសមាគមមេធាវីសិទ្ធិមនុស្សបានដាក់ពាក្យប្តឹងនេះទៅតុលាការស៊ីវិល នៅ Ratchadaphisek Road នាថ្ងៃសុក្រនេះ។ ការប្តឹងក៏មានចំពោះអគ្គស្នងការនគរបាលជាតិ ការិយាល័យនគរបាល និងការិយាល័យនាយករដ្ឋមន្ត្រីដែរ។
ក្នុងពាក្យប្តឹងបានលើកឡើងពីការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នដ៏អាក្រក់ កាលពីថ្ងៃទី១៥ តុលា ដើម្បីទប់ស្កាត់ក្រុមបាតុករប្រឆាំង ដែលទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចុះចេញពីតំណែង ផ្លាស់ប្តូររដ្ឋធម្មនុញ្ញ និងកែទម្រង់របបរាជានិយម។
សូមរម្លឹកថា ការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៥ តុលា ក្រោយបាតុករបានចូលដល់វិមានរដ្ឋាភិបាលហើយបានបង្ខាំងក្បូនរាជវង្ស កាលពីថ្ងៃទី១៤ តុលា ប៉ុន្តែការប្រកាសត្រូវបានដកចេញវិញ កាលពីថ្ងៃទី២២ តុលា៕

