ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតរស់នៅក្នុងមូលដ្ឋានសង្កាត់ទាំង០៥ នៃខណ្ឌចំការមន ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា
ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរស់នៅក្នុងមូលដ្ឋានសង្កាត់ទាំង០៥ នៃខណ្ឌចំការមន បានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ។ នៅក្នុងឱកាសនេះ អភិបាលខណ្ឌចំការមន លោក ថេង សុថុល បានអំពាវនាវអោយប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គ រន្ទះ ដែលងាយបង្កគ្រោះថ្នាក់ ជាយថាហេតុ ។
លោក ថេង សុថុល បានបន្ថែមថា ដោយសារតែរដូវវស្សា បានចូលមកដល់ ដូច្នេះប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់មើលថែទាំកូនចៅតូចៗជាមួយនឹងការតបណ្តាញភ្លើងអគ្គិសនី សូមអោយមានតាមលក្ខណៈបច្ចេកទេស ជៀសវាងមានការឆ្លងចរន្តនៅពេលមានភ្លៀងធ្លាក់ រឺខ្យល់កន្ត្រាក់អាចបណ្តាលអោយបាក់ដើមឈើបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតកូនចៅ តូចតូចដែលមិនដឹងក្តីជាដើម។
លោកក៏បានប្រាប់ប្រជាពលរដ្ឋនៅពេលមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតកៀកជាមួយ បងប្អូនផ្ទាល់ ដើម្បីអាចអោយក្រុមការងារចុះជួយអន្តរាគមន៍ដល់បងប្អូនបានឆាប់រហ័ស និងទាន់ពេលវេលា។ ពាក់ព័ន្ធនឹងរដូវវស្សានេះផងដែរ លោក ថេង សុថុលក៏បានអំពាវនាវអោយប្រជាពលរដ្ឋ ទុកដាក់សំរាមអោយបានត្រឹមត្រូវ ជាពិសេសត្រូវបញ្ចេញសំរាមទៅតាមពេលវាលាដែលរថយន្តមកប្រមូលសំរាម ជៀសវាងទុកចោលនៅខាងមុខផ្ទះ នៅពេលដែលមានភ្លៀងធ្លាក់អាចបណ្តាលអោយហូរចូលក្នុងលូបណ្តាលអោយស្ទះលួ។
ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ ក៏បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវលាងដៃ នឹងសាប៊ូ ឬអាល់កុល ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាល នូវមេរោគកូវីដ១៩ ខណៈពេលដែលមេរោគនេះ បានឆ្លងទៅលើមនុស្សនៅលើពិភពលោកជាង៧លាននាក់ និងបានសម្លាប់មនុស្សជាង៤២ម៉ឺននាក់ផងដែរ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៥០គ្រួសារ មកពីសង្កាត់ទាំង៥ ក្នុងខណ្ឌចំការមន ក្នុង០១គ្រួសារៗ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម ស្កសរ ០១គីឡូក្រាម ទឹកត្រី០១ដប ទឹកស៊ីអ៊ីវ ០១ដប មី០៥កញ្ចប់ ត្រីខ០១កំប៉ុង ម៉ាសចំនួន១០ម៉ាស និងថវិកាមួយចំនួនផងដែរ៕ ដោយ ធី ភារ៉ា







