កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានបាញ់សម្លាប់សត្វស្វាកន្ទុយស មួយក្បាល ជាសត្វកម្រជិតផុតពូជនៅលើលោក នាំខ្លួនមកប្រគល់ឲ្យមន្ត្រីបរិស្ថានខេត្ត ចាត់ការតាមច្បាប់

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ មន្ត្រីបរិស្ថានខេត្តស្ទឹងត្រែង បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការខេត្តនោះហើយ នៅព្រឹកថ្ងៃទី១៣មិថុនានេះ បន្ទាប់ពីជនសង្ស័យ បានប្រើប្រាស់អាវុធកែច្នៃ១ដើម ចូលព្រៃបរបាញ់សម្លាប់សត្វស្វាកន្ទុយស មួយក្បាល ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជនៅលើលោក ទាំងបំពានច្បាប់ កាលពីថ្ងៃទី១២មិថុនា ឆ្នាំ២០២០ និងនៅថ្ងៃដដែលនោះ ជនសង្ស័យត្រូវបានឃាត់ខ្លួន ដោយកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាំខ្លួនមកប្រគល់អោយមន្ត្រីបរិស្ថានខេត្តស្ទឹងត្រែង។

មន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែង បាននិយាយថា ជនសង្ស័យម្នាក់ ដែលត្រូវបានឃាត់ខ្លួននៅក្នុងពេលនោះ ឈ្មោះ ណាំ យ៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ជនសង្ស័យត្រូវបានឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាព ប្រើប្រាស់អាវុធកែច្នៃ១ដើម ចូលព្រៃបាញ់សម្លាប់សត្វស្វាកន្ទុយស ១ក្បាល ដែលជាប្រភេទសត្វកម្រជិតផុតពូជ កាលពីថ្ងៃទី១២ មិថុនាឆ្នាំ២០២០ នៅក្នុងព្រៃក្រឡាពស់ ស្ថិតនៅក្នុងភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន។

លោកបន្តថា ក្រោយការបាញ់សម្លាប់សត្វស្វា ១ក្បាលនេះរួច កម្លាំងកងរាជអាវុធហត្ថខេត្ត ក្រោមការបញ្ជាផ្ទាល់ពី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះស្រាវជ្រាវ និងកំណត់បានមុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃដដែលនោះ ភ្លាមៗផងដែរ។

លោកថា ក្រោយការឃាត់ខ្លួន កម្លាំងសមត្ថកិច្ច ដកហូតបានសត្វស្វាកន្ទុយស ១ក្បាល « ស្លាប់ » ព្រមទាំងអាវុធកែច្នៃ « ប្រភេទកាំភ្លើងខ្យល់១ដើម » នាំខ្លួនបញ្ជូនមកប្រគល់អោយមន្ទីរបរិស្ថានខេត្ត ហើយនៅព្រឹកថ្ងៃទី១៣មិថុនាឆ្នាំ២០២០នេះ ជនសង្ស័យត្រូវបានមន្ត្រីបរិស្ថានខេត្ត បញ្ជូនទៅកាន់តុលាការខេត្តស្ទឹងត្រែង ចាត់ការតាមច្បាប់នោះហើយ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ដ្រា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សត្វស្វាកន្ទុយស ដែលត្រូវជនសង្ស័យបាញ់សម្លាប់ សមត្ថកិច្ចបានយកទៅដុតរំលាយសពរួចរាល់ហើយ នៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។ លោករដ្ឋលេខាធិការ បានបន្តទៀតថា រហូតមកដល់ពេលនេះ សត្វស្វាកន្ទុយស នៅក្នុងប្រទេសកម្ពុជា មានប្រមាណជាង ២ម៉ឺនក្បាល ដែលកំពុងមានវត្តនៅភាគខាងកើត និងខាងជើងទន្លេមេគង្គ ពោលគឺមាននៅខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តព្រះវិហារ។

ហើយខេត្តមណ្ឌលគិរី គឺជាខេត្តដែលមានសត្វស្វាកន្ទុយសច្រើនជាងគេ ពិសេស នៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា។ លោក នេត្រ ភក្ដ្រា បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេស អ្នកនៅតំបន់ព្រៃភ្នំ សូមបញ្ឈប់ការបាញ់សម្លាប់សត្វ ដើម្បីយកមកធ្វើជាចំណីអាហារ ឬ ដើម្បីផលប្រយោជន៍ផ្សេងៗ ព្រោះថា មកទល់ពេលនេះ សត្វព្រៃមួយចំនួនបានជិតផុតពូជទៅហើយ៕ធ.ដ

ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner