ផ្ទេរតំណែងឯកឧត្តមថោងចិន្តាប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា ចូលជំនួស ឯកឧត្តម ម៉ូវ ចរិយា

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត បានអញ្ជើញចូលរួមក្នុងពិធីផ្ទេរតំណែងប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា ដោយក្នុងនេះឯកឧត្តម ថោង ចិន្តាប្រធាននិយ័តករទូរគមនាគមន៍កម្ពុជាថ្មី ចូលជំនួស ឯកឧត្តម ម៉ូវ ចរិយាដែលត្រូវបានតែងតាំងជារដ្ឋលេខាធិកាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២០ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង មុខតំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍សរុប៧រូប។ក្រៅពីនេះ ព្រះមហាក្សត្រក៏បានតែងតាំង និងផ្ដល់ឋានៈជាប្រធាន និងសមាជិកនិយ័តករទូរគមនាគមន៍កម្ពុជាថ្មី ចំនួន២រូបផងដែរ។

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍បានឱ្យដឹងថាក្នុងពិធីផ្លាស់ប្តូរតំណែងដែលបានរៀបចំឡើងកាលពីថ្ងៃទី២៦ខែវិច្ឆិកាកន្លងមកនេះឯកឧត្តម ម៉ូវ ចរិយា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានធ្វើរបាយការណ៍សង្ខេបស្តីពីសមិទ្ធផលការងារធំៗរបស់និយ័តករទូរគមនាគមន៍កម្ពុជាក្នុងរយៈពេលកន្លងមកនេះ ទាក់ទងនឹងការធ្វើទំនើបកម្មឧបករណ៍សម្ភារៈ ពង្រីកប្រសិទ្ធភាពនៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និងICT ការបង្រ្កាបបទល្មើស និងបង្កើនសមត្ថភាពធនធានមនុស្ស ការគាំពារជីវភាពមន្ត្រីរាជការ និយោជិត ដើម្បីធានាបាននូវភាពរឹងមាំនៃស្មារតីសាមគ្គីភាព ជាដើម។

ថ្លែងនាឱកាសនោះដែរ ឯកឧត្តមថោង ចិន្តា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជាដែលទើបត្រូវបានតែងតាំងថ្មីជំនួសលោកម៉ូវចរិយាដែលត្រូវបានផ្ទេរទៅកាន់រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍បានឱ្យដឹងថា លោក ប្តេជ្ញាចិត្តនិងបំពេញការងារ ជូនចំពោះ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រទេសជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានធ្វើការប្តេជ្ញាចិត្តខ្ពស់ចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយកែទម្រង់ដែលមិនរារែក និងមិនរាថយ និងក៏ដូចជាអនុវត្តនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការអភិវឌ្ឍនិងធ្វើទំនើបកម្មវិស័យទូរគមនាគមន៍ប្រកបដោយគុណភាព ប្រសិទ្ធភាព និងការប្រកួតប្រជែងស្មោះត្រង់។

ដោយឡែក ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗជាច្រើនរបស់លោក ម៉ូវ ចរិយា ដែលសម្រេចបានសម្រាប់វិស័យ និងអង្គភាពក្នុងពេលកន្លងមក។ ទន្ទឹមនឹងគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចនូវកិច្ចការជាអាទិភាពសំខាន់ៗមួយចំនួនសម្រាប់ឱ្យលោក ថោង ចិន្តា នឹងត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងបង្កើនប្រសិទ្ធភាពនៃការធ្វើនិយ័តកម្ម ការគ្រប់គ្រងរបបអាជ្ញាបណ្ណ ការប្រមូលចំណូលពីវិស័យទូរគមនាគមន៍ ជំរុញរៀបចំលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា សំដៅធានាឱ្យបាននូវការប្រកួតប្រជែងដោយស្មោះត្រង់ ការការពារអ្នកប្រើប្រាស់ ព្រមទាំងពង្រឹងគុណភាពសេវាទូរគមនាគមន៍ និងស្ថង់ដារគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍។

ព្រមជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានណែនាំឱ្យនិយ័តករទូរគមនាគមន៍កម្ពុជា បន្តពង្រឹងការគ្រប់គ្រងរដ្ឋបាលឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញមុខងាររបស់ខ្លួន ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងសមត្ថភាពជំនាញតាមរយៈការបណ្តុះបណ្តាលបន្ថែមទៀត៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner