ទីតាំងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់គ្រោងនឹងធ្វើនៅតាមរាជធានី-ខេត្តចំនួន១០ស្ថានីយ
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ក្រសួងបរិស្ថានគ្រោងនឹងដំឡើងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់សម្រាប់ត្រួតពិនិត្យគុណភាពខ្យល់ នៅតាមរាជធានី ខេត្ត ចំនួន១០ស្ថានីយ ដែលជាជំនួយរបស់ក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន។នេះបើតាមកិច្ចប្រជុំរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២០។
ឯកឧត្តមសៅសុភាពរដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានដឹកនាំកិច្ចប្រជុំ នេះបានឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិភាក្សាជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការស្នើសុំទីតាំងសម្រាប់ដំឡើងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ នៅតាមរាជធានី ខេត្ត ចំនួន១០ស្ថានីយ ដែលជាជំនួយរបស់ក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថាក្នុងកិច្ចប្រជុំនេះតំណាងរដ្ឋបាលខេត្តគោលដៅ បានសម្តែងការស្វាគមន៍ និងគាំទ្រដល់ការដំឡើងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ តាមគោលដៅដែលបានកំណត់ផងដែរ។
គួរបញ្ជាក់ថាក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សៅ សុភាព បានកំណត់ទិសដៅមួយចំនួនដូចខាងក្រោម៖ ១)ស្នើអភិបាលខេត្តគោលដៅ សហការផ្តល់ជម្រើសទីតាំងដីសម្រាប់ដំឡើង និងផ្តល់កិច្ចការពារសុវត្ថិភាពស្ថានីយត្រួតពិនិត្យគុណភាពខ្យល់។២)ស្នើអភិបាលខេត្តគោលដៅ សហការភ្ជាប់ចរន្តអគ្គិសនី និងពិនិត្យលទ្ធភាពចេញចំណាយក្នុងការប្រើប្រាស់អគ្គិសនីសម្រាប់ស្ថានីយត្រួតពិនិត្យគុណភាពខ្យល់។៣)ស្នើបញ្ជូនមន្ត្រីសាលាខេត្ត១រូប សាលាក្រុង១រូប មន្ទីរបរិស្ថានខេត្ត១រូប ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលក្នុងការប្រើប្រាស់ស្ថានីយត្រួតពិនិត្យគុណភាពខ្យល់។៤)ស្នើឱ្យក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីលើកសំណើទៅអភិបាលខេត្តគោលដៅពិនិត្យ និងសម្រេច៕



