សូមបង្កើនការប្រុងប្រយ័ត្ន ! កម្ពុជាចាប់ផ្តើមមានឆ្លងជំងឺកូវីដ19 ក្នុងសហគមន៍ថ្ងៃដំបូងចំនួន6នាក់

ភ្នំពេញ ៖ រលកសញ្ញានៃបញ្ហារីករាលដាលនៃជំងឺឆ្លងកូវីដ19 នៅក្នុងប្រទេសកម្ពុជា ជាពិសេសកើតមាននៅក្នុងសហគមន៍ដែលមិនធ្លាប់កើតមាន បានចាប់ផ្តើមមានហើយ ដោយនៅក្នុងថ្ងៃដំបូងមានចំនួនអ្នកឆ្លងរហូតដល់6នាក់ នៅក្នុងក្រុមគ្រួសាររបស់លោកអគ្គនាយកនៃអគ្គនាយកដ្ឋានធនាគារ លោក ឆែម សាវុធ មន្ត្រីជាន់ខ្ពស់រដ្ឋាភបាល ខណៈដែលថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជាជាច្រើននាក់ទៀតកំពុងទទួលបានការធ្វើតេស្តរកមេរោគជំងឺឆ្លងនេះជាជំហានបឋម ។

តាមរយៈសេចក្តីប្រកាសព័ត៌មាននាព្រឹកថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2020 នេះបានបញ្ជាក់ថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ19 ចូលក្នុងសហគមន៍ជាលើកដំបូងនៅថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ2020ម្សិលមិញ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ19 លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយសរុប 6នាក់។ ក្រសួងសុខាភិបាល មិនទាន់បានរកឃើញពីប្រភពនៃការឆ្លងជំងឺកូវីដ19នេះនៅឡើយ។

រូបភាព ៖ លោកឧត្តមសេនីយ៍ឯក ឆែម សាវុធ និងភរិយា ដែលឆ្លងជំងឺកូវីដ 19

ជាវិធានការទប់ស្កាត់ការរីកសាយភាយ ឬការចម្លងកាន់តែខ្លាំង រាជរដ្ឋាភិបាល បានដាក់ចេញវិធានការបន្ទាន់មួយចំនួន ដូចជាការបិទផ្សារទំនើបអ៊ីអន បិទសាលារៀនអន្តរជាតិ AIS សាខាចាក់អង្រែក្រោម រួមជាមួយនឹងការតម្រូវឱ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលដែលរួមមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផងនោះ ចាប់ផ្តើមធ្វើចត្តាឡីស័ក និងយកសំណាកពិនិត្យរកមេរោគចាប់ពីព្រឹកថ្ងៃទី29 ខែវិច្ចិកា ឆ្នាំ2020នេះតទៅ។

ក្នុងសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលដដែលបានអំពាវនាវយ៉ាងដូច្នេះ «ពេលនេះជាដំណាក់កាលសំខាន់បំផុត ដែលប្រជាជនទាំងអស់ សូមចូលរួមសាមគ្គីគ្នាក្នុងការអនុវត្តវិធានការសុខាភិបាល ដ៏មានសារៈសំខាន់នេះ ដើម្បីទប់ស្កាត់ការចម្លងរាលដាលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ និងដើម្បីបងប្អូនអាចបន្តការរស់នៅជាធម្មតាតាមបែបគន្លងថ្មី»។

ក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា «សូមកុំភ្លេចវីរុសកូវីដ19 ព្រោះវីរុសកូវីដ19 មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ហើយ វីរុសដ៏កាចសាហាវនេះ ក៏មិនភ្លេចយើងដែរ។ បើយើងធ្វើសប្រហែស វីរុសកាចសាហាវនេះ នឹងវ៉ៃលុកសរីរាង្គកាយយើងហើយ។ សម្រាប់ដែលអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍នេះ នាំគ្នាទៅយកសំណាកពិនិត្យរកមេរោគ។ ក្នុងនោះប្រជាពលរដ្ឋធម្មតាទៅកាន់ផ្សារទំនើបអ៊ីអន១ ហើយមន្ត្រីរាជការទៅកាន់ក្រសួងមហាផ្ទៃ។

ផ្សារទំនើបអុីអន១

ជាមួយនឹងស្ថានភាពដែលកំពុងប្រឈមនៅពេលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីណែនាំផងដែរកាលពីយប់ថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ2020ថា ដោយបានស្នើដល់ប្រជាពលរដ្ឋមេត្តាកុំមានការស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ការគ្រប់គ្រង តែត្រូវបង្កើនការយកចិត្តទុកដាក់ពាក់ព័ន្ធការការពារខ្លួនតាមរយៈការពាក់ម៉ាស់ ការលាងដៃ ការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យត្រូវរកការបញ្ជាក់ពីគ្រូពេទ្យឱ្យបានឆាប់។

សម្តេចតេជោ បានបញ្ជាក់ដែរថា សម្តេចនឹងមិនអំពាវនាវឱ្យមានការបិទសាលារៀននៅភ្នំពេញ និងខេត្តពាក់ព័ន្ធទេ។ អ្វីដែលជាការចាំបាច់នៅពេលនេះ គឺតម្រូវការនូវការពាក់ម៉ាស់ ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាពតែប៉ុណ្ណោះ។ ត្រូវទុកសាលារៀនដំណើរការធម្មតាទៅតាមគន្លងថ្មី។ ជាមួយគ្នានេះ ដំណើរការកម្មវិធីបើកការដ្ឋានសាងសង់ផ្លូវទាំង៣៨ខ្សែ នៅខេត្តសៀមរាប នៅតែដំណើរការតាមគម្រោងធម្មតា តែត្រូវបង្កើនការប្រុងប្រយ័ត្ន។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋយើងនឹងយល់ទៅដល់សភាពការណ៍នេះ ហើយខ្ញុំនឹងតាមដានដោយយកចិត្តទុកដាក់ទៅលើការវិវឌ្ឍន៍នៃភាពការណ៍ទាំងអស់ ដែលក្រសួងសុខាភិបាល និងផ្នែកពាក់ព័ន្ធរាយការណ៍ឱ្យខ្ញុំជាបន្តបន្ទាប់។ ឥឡូវនេះបើទោះបីហេតុការណ៍នេះបានកើតនៅក្នុងខេត្តសៀមរាប ក៏ខ្ញុំកំពុងស្ថិតនៅសៀមរាប ហើយខ្ញុំនៅតែដំណើរការកម្មវិធីធម្មតា ដោយគ្រាន់តែបង្កើនការប្រុងប្រយ័ត្នប៉ុណ្ណោះ។ ដូច្នេះមិនមានការលុបចោលនូវកម្មវិធីដែលបានគ្រោងទុកសម្រាប់ការបើកការដ្ឋានផ្លូវ ៣៨ខ្សែ រួមនឹងការកែលំអរដងស្ទឹងសៀមរាបផងនោះទេ»។

សម្តេចតេជោបន្ថែមថា «សូមបងប្អូនបង្កើនការយកចិត្តទុកដាក់ទៅលើការការពារខ្លួន ហើយប្រសិនបើគ្មានការចាំបាច់ទេ សូមកុំចេញក្រៅផ្ទះ ហើយនៅក្នុងផ្ទះ ដើម្បីងាយស្រួលឱ្យអាជ្ញាធរធ្វើការត្រួតពិនិត្យទៅលើបញ្ហាទាំងឡាយ ហើយអ្នកត្រូវធ្វើចត្តាឡីស័ក ត្រូវធ្វើឱ្យបានម៉ត់ចត់ចៀសវាងការសាយភាយទៅកាន់កន្លែងផ្សេងទៀត។ សង្ឃឹមថា ប្រជាពលរដ្ឋយើងនឹងជម្នះបាននូវការលំបាកនៅក្នុងកាលៈទេសៈមិនទាន់ច្បាស់លាស់នេះ»។

សូមបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2020នេះ កម្ពុជារកឃើញអ្នកឆ្លងកើតជំងឺកូវីដ19 សរុប 315នាក់ ក្នុងនោះព្យាបាលជាសះស្បើយ 301នាក់ និងកំពុងសម្រាកព្យាបាល 14នាក់៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner