សម្ដេច ស ខេង អំពាវនាវអ្នកពាក់ព័ន្ធជាមួយអគ្គនាយកពន្ធនាគារ ទៅធ្វើតេស្ដរកកូវីដ-១៩ នៅក្រសួងមហាផ្ទៃ, ខណៈសម្ដេចក៏ត្រូវធ្វើតេស្ដ និងធ្វើចត្តាឡីស័កដូចគ្នា

អត្ថបទដោយ៖
Kien Sereyvuth

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ និងក្រុមគ្រួសារ ដែលឆ្លងជំងឺកូវីដ-១៩ ត្រូវទៅធ្វើតេស្ដរកជំងឺនេះដូចគ្នានៅទីស្ដីការក្រសួងមហាផ្ទៃ។ នៅក្នុងសារសំលេងរបស់សម្តេចក្រឡាហោម ស ខេង ផ្ញើជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថាសម្ដេចផ្ទាល់ក៏ត្រូវធ្វើតេស្ដ និងធ្វើចត្តាឡីស័កដូចគ្នាផងដែរ។
សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឲ្យលោក ឆែម សាវុធ ត្រូវអំពាវនាវបន្ដដល់អ្នកដែលបានរួមការងារ ឬមានទំនាក់ទំនងដោយផ្ទាល់ជាមួយខ្លួន ត្រូវភ្ញាក់រលឹកទៅធ្វើតេស្ដ និងធ្វើចត្តាឡីកដូចគ្នា។
គួរជម្រាបថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ សម្ដេចក្រឡាហោម ស ខេង បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួងមួយ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយក្នុងនោះលោក ឆែម សាវុន អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ក៏បានចូលរួមផងដែរ។ បន្ថែមពីនេះ ក៏មានថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងប្រធានស្ថាប័នមួយចំនួនទៀត ចូលរួមប្រជុំនោះដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានអំពាវនាវ ដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយក្រុមគ្រួសារលោកអគ្គនាយកពន្ធនាគារ សូមអញ្ជើញមកធ្វើតេស្តរកកូវីដ១៩ នៅផ្សារទំនើបអ៉ីអន១ សម្រាប់ប្រជាពលរដ្ឋធម្មតា និងនៅទីស្តីការក្រសួងមហាផ្ទៃ សម្រាប់មន្ត្រីរាជការ។
ការធ្វើតេស្តលើកទី១ គឺធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០, លើកទី២ ធ្វើនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ទៅតាមទីតាំងដែលបានកំណត់ ទាំងក្នុងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ប្រសិនបើអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល មិនបានធ្វើតេស្តនៅថ្ងៃកំណត់របស់ក្រសួង, នោះក្រសួងនឹងកំណត់ចត្តាឡីស័ក១៤ថ្ងៃ រាប់ចាប់ពីថ្ងៃបានធ្វើតេស្ត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner