ជប៉ុន ៖មនុស្សធ្វើអត្តឃាតក្នុងខែតុលាមានចំនួនច្រើនជាអ្នកស្លាប់សរុបដោយសារកូវីដទូទាំងប្រទេស
CNN ៖ នាង Eriko Kobayashi ត្រូវបានគេដឹងថាបានព្យាយាមសម្លាប់ខ្លួនឯងយ៉ាងហោចណាស់ចំនួន4ដងមកហើយ។
កាលពីលើកដំបូងវាបានកើតឡើងនៅពេលដែលនាងមានអាយុទើបតែ 22 ឆ្នាំក្នុងគ្រាដែលនាងកំពុងធ្វើការពេញម៉ោងនៅក្នុងរោងពុម្ពមួយកន្លែង ប៉ុន្តែប្រាក់ខែដែលទទួលបានគឺមិនគ្រប់គ្រាន់ឡើយក្នុងការចំណាយទៅលើប្រាក់ថ្លៃជួលបន្ទប់ព្រមទាំងអាហារប្រចាំថ្ងៃនៅក្នុងទីក្រុងតូក្យូ ក្នុងពេលដែលនាងកំពុងសម្រាកព្យាបាលជំងឺ។
បច្ចុប្បន្ន Kobayashi មានវ័យ 43 ឆ្នាំទៅហើយព្រមទាំងបាននិពន្ធសៀវភៅមួយដែលនិយាយអំពីបញ្ហាសុខភាពផ្លូវចិត្តដែលនាងធ្លាប់មានបទពិសោធន៍កន្លងមក ព្រមទាំងកំពុងធ្វើការងារនៅអង្គការមួយផង ប៉ុន្តែតាមការបញ្ជាក់របស់នាងសាជាថ្មីពេលវិបត្តិកូវីដវាយប្រហារមកលើប្រទេសនាងក៏ចាប់ផ្តើមមានអារម្មណ៍ស្តេ្រសដូចដែលនាងធ្លាប់ជួបកាលពីមុន។
ថ្លែងទៅកាន់ក្រុមការងារអ្នកយកព័ត៌មាន CNN នាង Kobayashi បាននិយាយថា៖ពេលនេះប្រាក់ខែរបស់ខ្ញុំត្រូវបានគេកាត់បន្ថយ ហើយវាមានអារម្មណ៍ហាក់ដូចជាស្ថិតនៅក្នុងរូងភ្នំដ៏ងងឹតមួយដែលគ្មានពន្លឺ ហើយបញ្ហានេះតែងតែធ្វើឲ្យអារម្មណ៍របស់ខ្ញុំបារម្ភថាខ្ញុំនឹងធ្លាក់ទៅក្នុងភាពក្រីក្រដូចពីមុនសាជាថ្មី។
យោងតាមការចេញផ្សាយរបស់ CNN បានសរសេរថា អ្នកជំនាញជាច្រើនបានព្រមានថាបញ្ហារាតត្បាតនៃវិរុសកូវីដនៅពេលនេះនឹងអាចនាំឲ្យឈានទៅដល់វិបត្តិនៃបញ្ហាផ្លូវអារម្មណ៍ដ៏ធ្ងន់ធ្ងរពីព្រោះថាចំនួនអ្នកបាត់បង់ការងារនឹងកាន់តែច្រើនឡើងគម្លាតឆ្ងាយពីសង្គម និងធ្វើឲ្យមនុស្សកាន់តែធុញថប់ព្រមទាំងតានតឹងកាន់តែខ្លាំងផងដែរ។
តាមតួលេខដែលត្រូវបានបង្ហាញដោយរដ្ឋាភិបាលក្រុងតូក្យូនៅពេលចុងក្រោយនេះអាចឲ្យយើងឃើញថា ចំនួននៃអ្នកធ្វើអត្តឃាតគិតត្រឹមខែតុលានេះនៅទូទាំងប្រទេសគឺមានរហូតទៅដល់ 2,153 នាក់ ពោលគឺគិតមកត្រឹមថ្ងៃសុក្រសប្តាហ៍មុន ខណៈដែលតួលេខនៃអ្នកស្លាប់ដោយសារកូវីដ19 មានចំនួនត្រឹមតែ 2,087 នាក់ប៉ុណ្ណោះចាប់តាំងតែពីមានការផ្ទុះឆ្លងវិរុសនេះ៕