ចាប់គ្រឿងញៀនជិត៣គីឡូបំរុងផ្ញើចេញទៅអូស្ត្រាលីនិងនូវ៉ែលហ្សេឡង់

គ្រឿងញៀនជិត៣គីឡូក្រាមដែលគ្រោងដឹកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ត្រូវ សមត្ថកិច្ចបង្ក្រាបបាន។ យោងតាមមន្ទីរប្រឆាំងគ្រឿងញៀន ការស៊ើបអង្កេតស្រាវជ្រាវ រវាងពីថ្ងៃទី២០តុលា ដល់ថ្ងៃ២៧វិច្ឆិកាឆ្នាំ២០២០ បានឈានទៅបង្ក្រាបបានក្រុមជួញដូរគ្រឿងញៀនឆ្លងដែន ចេញពីកម្ពុជា ទៅប្រ ទេសនូវ៉ែលហ្សេឡង់ និងអូស្ត្រាលី ដោយលាក់បង្កប់ក្នុងកញ្ចប់បញ្ញើប្រៃសណីយ៍ ចំនួន ៣លើក ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ជនសង្ស័យចំនួន ៣នាក់ និង វត្ថុតាងគ្រឿងញៀន សរុប ជាង២ពាន់ ៥៤៩ក្រាម ត្រូវបានបង្ក្រាបក្នុងយុទ្ធនាការនោះ។ សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាប លើកទី១ ធ្វើឡើងនៅ ថ្ងៃទី២០ តុលា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទំនិញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយ ចាប់យក វត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ជាង៨៥ក្រាម ដោយលាក់បង្កប់ក្នុងដំបង ២កំណាត់។ ការបង្ក្រាបលើកទី២ នៅថ្ងៃទី៥វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទំនិញនៃអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ជាង១ពាន់២៩៥ក្រាម ដោយលាក់ បង្កប់ក្នុង បដិមាព្រះពុទ្ធរូបឈើ ២ព្រះអង្គ។ និងការបង្ក្រាបលើកទី៣ បាននៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ ចំណុច ក្រុមហ៊ុន IAL ផ្ទះលេខ១៦បេ ផ្លូវសូនី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២ នាក់មាន ឈ្មោះ លឿង សៀងហៃ និង ឈ្មោះ ឈុន ម៉ារ៉ាឌី ជាអ្នក ផ្ញើ គ្រឿងញៀន។
ក្រោយមកនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចបានបន្តការស្រាវជ្រាវ កំណត់បានមុខសញ្ញាមេខ្លោងម្នាក់ និងឈានទៅចាប់ខ្លួនឈ្មោះឈិន កេហ្ស៊ី ជនជាតិចិន ដែលស្នាក់នៅក្នុងក្រុងព្រះសីហនុ និងចាប់យកវត្ថុតាង បាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ជាង ១២០ ក្រាម បន្ថែមទៀត ដោយលាក់បង្កប់ក្នុងចម្លាក់ ឈើរូបដំរី ២រូប និងដំបងឈើ ២កំណាត់ ៣គូ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner