ក្នុងរយៈពេល11ខែ កម្ពុជានាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិបានជាង 60ម៉ឺនតោន កើនឡើងជិត17ភាគរយ
ភ្នំពេញ ៖ នៅក្នុងរយៈពេល11ខែ ឆ្នាំ2020នេះ កម្ពុជាបានធ្វើការនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិបានជាង 60ម៉ឺនតោង កើនឡើងប្រមានជិត17ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2019កន្លងទៅនេះ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន នៅយប់ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2020 បានបញ្ចេញរបាយការណ៍បង្ហាញលទ្ធផលនៃការនាំចេញអង្កររបស់កម្ពុជាក្នុងរយៈពេល 11ខែ ឆ្នាំ2020ថា បានចំនួន 601.045 តោន កើនឡើងប្រមាណ 86.896 តោន ស្មើនឹង16.90% បើធៀបទៅនឹងរយៈពេល11ខែ នៅឆ្នាំ2019 មានតែចំនួន 514.149 តោនប៉ុណ្ណោះ ។
ចំពោះប្រភេទអង្ករដែលនាំចេញក្នុងរយ:ពេល11ខែនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន 481.123 តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន 113.703 តោន និងអង្ករចំហ៊ុយមានចំនួន 6.151 តោន។

ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល 11ខែកន្លងទៅនេះ មានចំនួន 60 ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន 24 ក្នុងចំណោម28 ប្រទេស, ប្រទេសចិន(រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ានចំនួន 6 ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន 29 ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន 10 ក្នុងចំណោម 72ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។
សូមបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល 11ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ2019 មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់ ដោយឡែកប្រទេសចិនឈរនៅលំដាប់ទី1៖ 1-ប្រទេសចិនមានបរិមាណសរុបចំនួន 234.940 តោន ស្មើនឹង 39,09%, 2-ការនាំចេញទៅសហភាពអ៊ឺរ៉ុបមានចំនួន 24 ប្រទេស មានបរិមាណសរុបចំនួន 188.436 ស្មើនឹង 31,35%, 3-បណ្តាប្រទេសសមាជិកអាស៊ានមានបរិមាណសរុបចំនួន 78.208 តោន ស្មើនឹង 13,01%, និង 4- គោលដៅដ៏ទៃទៀត ចំនួន29 ប្រទេស មានបរិមាណសរុបចំនួន 99.461 តោន ស្មើនឹង 16,55% ។
ដោយឡែកសម្រាប់ការនាំចេញស្រូវ ទៅតាមបណ្តាច្រកនៃខេត្តជាប់ព្រំដែនប្រទេសវៀតណាម មកទល់ថ្ងៃទី30 ខែវិឆ្ឆិកា ឆ្នាំ2020 មានបរិមាណសរុបចំនួន 1.777.107តោន ។ បរិមាណនាំចេញសម្រាប់មួយថ្ងៃ នៅថ្ងៃទី30 ខែវិឆ្ឆិកា ឆ្នាំ2020នេះ មានចំនួន 26.619 តោន៕