ព្រឹតិ្តការណ៍ «សហគមន៍ 28 វិច្ឆិកា» បន្តរកឃើញអ្នកឆ្លងកូវី-19 ចំនួន 3នាក់បន្ថែមទៀត
ភ្នំពេញ ៖ នៅថ្ងៃទី1 ខែធ្នូ ឆ្នាំ2020នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ19 ថ្មី ចំនួន 3នាក់ថែមទៀត ដែលប៉ះពាល់នឹងព្រឹត្តិការណ៍ «សហគមន៍28 វិច្ឆិកា»។
ជាមួយគ្នានេះ នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសពីការព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ19 ចំនួន 3នាក់ផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង 3នាក់ថ្មីនេះរួមមាន៖
- ស្ត្រីជនជាតិខ្មែរអាយុ 64ឆ្នាំ មានអាសយដ្ឋាននៅស្នាក់នៅសង្កាត់ទួលទំពូង1 ខណ្ឌចម្ការមន រាជធានីភ្នំពេញ ត្រូវជាម្ដាយអ្នកជំងឺស្ត្រីអាយុ36ឆ្នាំ ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។ លទ្ធផលធ្វើការវិភាគវត្ថុសំណាករបស់ស្ត្រីខាងលើ ដែលផ្តល់ដោយវិទ្យា ស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-19 ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាក ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
- ស្ត្រីជនជាតិខ្មែរអាយុ 25ឆ្នាំ និងទារក (ជនជាតិខ្មែរ) អាយុ7ខែ មានអាសយដ្ឋាននៅស្នាក់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លទ្ធផលធ្វើការវិភាគវត្ថុសំណាករបស់បុគ្គលទាំងពីរខាងលើ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-19 ហើយបច្ចុប្បន្នអ្នកជំងឺត្រូវ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍28វិច្ឆិកា» ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបបានចំនួន 2.621នាក់ (ក្នុងចំនួននេះមានរាជធានីភ្នំពេញ 2.131នាក់) នៅថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2020។ ដូច្នេះចំនួនសរុបដែលបានធ្វើតេស្ត នៅថ្ងៃទី29-30 ខែវិច្ឆិកា ឆ្នាំ2020 មានចំនួន 4.869នាក់ ដែលនៅក្នុងចំនួននេះ លទ្ធផលតេស្តបានបង្ហាញ ថាមានអ្នក វិជ្ជមានវីរុសកូវីដ-19 ថ្មី សរុបចំនួន17នាក់ (ក្នុងចំនួននេះ មានទាំងករណីវិជ្ជមានវីរុសកូវីដ- 19 ថ្មី ចំនួន3នាក់ខាងលើនេះដែរ) ដែលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ 28វិច្ឆិកា!។ រីឯចំនួននៅសល់ 4.852នាក់ គឺមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-19 ទាំងអស់៕

