កូវីដ១៩៖ វៀតណាមឆ្លងក្នុងសហគមន៍ជាថ្មីទៀតហើយ ក្រោយស្ងប់ជិត៣ខែ
វៀតណាមបានអះអាងកាលពីម្សិលមិញ អំពីការឆ្លងក្នុងសហគមន៍ជាថ្មីទៀតនៃជំងឺកូវីដ១៩ ជាករណីឆ្លងក្នុងស្រុកលើកដំបូង ក្នុងពេល៨៩ថ្ងៃមកនេះ ពោលគឺបន្ទាប់ពីករណីក្រុងដាណាង ដែលជាការផ្ទុះក្នុងសហគមន៍ដំបូង ដោយពេលនោះហើយ ទើបវៀតណាមចាប់ផ្តើមមានករណីស្លាប់បន្តបន្ទាប់។
ករណីឆ្លងក្នុងស្រុកនេះគឺកើតមានចំពោះបុរសវ័យ៣២ឆ្នាំម្នាក់ ដែលមានទំនាក់ទំនងជាមួយនារីធ្វើការលើយន្តហោះម្នាក់ ដែលផ្ទុកកូវីដ១៩ ក្រោយត្រលប់មកពីជប៉ុន ២សប្តាហ៍មុន។ អាជ្ញាធរបញ្ជាក់ថា ករណីចុងក្រោយនេះ មុនពេលដឹងថាបានឆ្លង បានធ្វើការនៅមជ្ឈមណ្ឌលបង្រៀនភាសារមួយ ទៅហាងកាហ្វេ និងខារ៉ាអូខេ ហើយទីតាំងដែលអ្នកជំងឺបានទៅទាំងអស់ត្រូវបានគេបិទទ្វារអស់ហើយ។
វៀតណាមមានករណីកូវីដ១៩ ចំនួន១៣៤៧នាក់ហើយ ហើយជាប្រចាំថ្ងៃ វៀតណាមនៅតែមានករណីនាំចូល ជាមធ្យម ៥នាក់។ ករណីថ្ងៃចន្ទម្សិលមិញនេះត្រូវបានប្រកាសឲ្យដឹង ក្រោយពេលប៉ុន្មានថ្ងៃ ក្រសួងសុខាភិបាលបានព្រមានពីការផ្ទុះជាថ្មី ក្នុងសហគម ខណៈរដូវរងាបានចាប់ផ្តើមនោះ៕