ក្រុមហ៊ុនផលិតឱសថ Pfizer និងBioNTech កំពុងរង់ចាំការយល់ព្រមពីសហភាពអឺរ៉ុប ចំពោះការដាក់អោយប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន
ប៊ែលហ្ស៊ិក៖ ក្រុមហ៊ុនឱសថអាមេរិក ភីហ្វីហ្ស៊ឺ និង បាយអូអិនធិច របស់អាល្លឺម៉ង់ ព្រមទាំងគូរប្រជែង ម៉ូឌែណា បានដាក់ពាក្យស្នើសុំការអនុម័តយល់ព្រមក្នុងការដាក់អោយប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺ Covid-19 របស់ពួកគេ នេះបើតាមទីភ្នាក់ងារឱសថអឺរ៉ុប EMA ចុះផ្សាយដោយសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ។
ភ្នាក់ងារឱសថអឺរ៉ុប EMA បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកថា ពាក្យស្នើសុំដែលដាក់ដោយក្រុមហ៊ុនផលិតឱសថ ភីហ្វីហ្ស៊ឺ និងដៃគូអាល្លឺម៉ង់ បាយអូអិនធិច នឹងត្រូវបានវាយតម្លៃនៅឯកិច្ចប្រជុំគណៈកម្មាធិការពិសេសមួយ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូនេះ ។ ដោយឡែកពាក្យស្នើសុំរបស់ក្រុមហ៊ុន ម៉ូឌែណា បាយអូធិច របស់អេស្ប៉ាញ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់អាមេរិក ម៉ូឌែណា នឹងត្រូវពិភាក្សានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ។
សូមបញ្ជាក់ថា យោងតាមប្រភពពីគេហទំព័ររបស់អង្គការសុខាភាពពិភពលោក WHO បានអោយដឹងថា គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកាកន្លងទៅនេះ មានបេក្ខភាពវ៉ាក់សាំង Covid-19 សរុបចំនួន ២១៣ ដែលត្រូវបានផលិតឡើងនៅទូទាំងពិភពលោក ហើយក្នុងនោះមាន៤៩ស្ថិតក្នុងតំណាក់ធ្វើតេស្ត ៕


