លោក ដូណាល់ ត្រាំ នឹងរៀបចំកិច្ចប្រជុំជាមួយមេដឹកនាំសហគ្រាស និងមន្រ្តីរដ្ឋាភិបាលនាសប្តាហ៍ក្រោយ ដើម្បីពិភាក្សាស្តីពីការពន្លឿនការចាក់វ៉ាក់សាំង Covid-19
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងធ្វើការប្រមូលផ្តុំមេដឹកនាំមកពីសហគ្រាសតូច-ធំ និងមន្រ្តីរដ្ឋាភិបាលនាសប្តាហ៍ក្រោយនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរួមគ្នាមួយ ស្តីពីវ៉ាក់សាំងការពារវីរុសកូរ៉ូណា នេះបើតាមសេតវិមាន ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ។
អ្នកនាំពាក្យសេតវិមានលោក ប្រាយអិន ម័រហ្គេនស្ទើន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា លោកប្រធានាធិបតីកំពុងរង់ចាំការប្រមូលផ្តុំនៃមេដឹកនាំមកពីរដ្ឋាភិបាលសហព័ន្ធ រដ្ឋាភិបាលថ្នាក់រដ្ឋ វិស័យឯកជន យោធា និងសហគមន៍វិទ្យាសាស្រ្ត សម្រាប់កិច្ចពិភាក្សាដ៏ទូលំទូលាយជាមួយប្រជាជនអាមេរិក ស្របពេលដែលរដ្ឋបាលរបស់លោក ត្រាំ រៀបចំឡើងដើម្បីការផ្តល់ជូនជាប្រវត្តិសាស្រ្តនេះ ការបញ្ចេញវ៉ាក់សាំង ដើម្បីជួយសង្គ្រោះជីវិតប្រជាជននៅក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេល២៤ម៉ោង បន្ទាប់ពីមានការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថ FDA ។
គួរបញ្ជាក់ផងដែរថា ការជួបជុំគ្នាខាងលើនេះ គ្រោងនឹងធ្វើឡើងចំពេលដែលលោក ដូណាល់ ត្រាំ បានដាក់សម្ពាធលើរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA របស់លោក ដើម្បីពន្លឿនការអនុម័តវ៉ាក់សាំង ។ យ៉ាងណាមិញ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA នៅពុំទាន់ធ្វើការឆ្លើយតបណាមួយនៅឡើយនោះទេ ៕


