រដ្ឋបាលនៃខេត្តបាត់ដំបង បើកវេទិកាស្តីពីការគ្រប់ គ្រងដីចំណីផ្លូវ ដីចំណីអូរ ស្ទឹង អាងទំនប់ និងដីចំណីប្រឡាយ ការធ្វើអាជីវកម្មអភិវឌ្ឍដីឡូតិ៍ និងការគ្រប់គ្រងសំណង់ ដើម្បីផ្សព្វផ្សាយពីច្បាប់គតិយុត្តិដល់គ្រប់សមាសភាពអាជ្ញាធរដែនដី និងម្ចាស់អាជីវកម្មពាក់ព័ន្ធ

អត្ថបទដោយ៖
Kien Sereyvuth

  វាគ្មិនមកពីបណ្តាមន្ទីរវិស័យនិងស្ថាប័នជំនាញមួយចំនួន រួមទាំងអាជ្ញាធរនៃរដ្ឋបាលដែនដី ក្រុង-ស្រុកនិងមន្ត្រីមូលដ្ឋានពាក់ព័ន្ធគ្រប់ថ្នាក់។ជាពិសេស តំណាងនិងម្ចាស់អាជីវកម្មដី-ធ្លី ក្រុមហ៊ុនសាងសង់និងអ្នកម៉ៅការសំណង់ អ្នកសិក្សាទីតាំងរបស់គម្រោងដើម្បីអភិវឌ្ឍដីធ្លី ផ្ទះសម្បែង  ក្នុងខេត្តបាត់ដំបង ប្រមាណជាង ២០០នាក់ បានចូលរួមនៅក្នុងអង្គវេទិកា ស្តីពីការគ្រប់គ្រងដីចំណីផ្លូវ ដីចំណីអូរ ស្ទឹង អាងទំនប់ និងដីចំណីប្រឡាយ និងកំពុងតែប្រកបនូវអាជីវកម្មអភិវឌ្ឍដីឡូតិ៍ និងទាំងការគ្រប់គ្រងសំណង់ជាដើម…។ដែលរៀបចំឡើង ដោយរដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២០ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ
អភិបាលខេត្តបាត់ដំបង ក្នុងគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយវិធានច្បាប់ពាក់ព័ន្ធនិងបទដ្ឋានគតិយុត្តិនានាជូនដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តនិងម្ចាស់អាជីវកម្ម ដែលកំពុងតែប្រកបរបររកស៊ីនៅក្នុងខេត្តខ្លួន ។

      នៅក្នុងវេទិកាផ្សព្វផ្សាយច្បាប់ និង ការជម្រុញឲ្យបំពេញនូវលក្ខ័ណ្ឌនីតិវិធីផ្សេងៗ មុននិងទទួលបានពីភាពស្របច្បាប់នូវមុខរបរ និងការធ្វើអាជីវកម្មដែលបានលើកឡើងខាងលើនិងការបកស្រាយធ្វើការពន្យល់អំពីទិដ្ឋភាពច្បាប់ ដោយវាគ្មិនដែលជាសាម៉ីមន្ទីរវិស័យនិងជំនាញ ពីបណ្តាមន្ទីរនានារួមមាន៖មន្ទីរដែនដីនគរូបនីយកម្មខេត្ត,មន្ទីរហិរញ្ញវត្ថុខេត្ត,មន្ទីរពាណិជ្ជកម្មខេត្ត,ទីចាត់អន្តរវិស័យសាលាខេត្តបាត់ដំបង ជាបន្តបន្ទាប់រួចមក។

      ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត(ទទួលបន្ទុកការងារដីធ្លី)បានថ្លែងថាកន្លងមកនេះមានមេឃុំ នៅតាមស្រុកមួយចំនួន ដោយសារតែចង់អភិវឌ្ឍភូមិ-ឃុំ របស់ខ្លួន ក៏អនុញ្ញាតនិងធ្វើការឃុបឃិត ឲ្យមានការចាក់ដីលុបស្ទឹង លុបប្រឡាយដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ដោយខ្វះការពិចារណា និងថែមទាំងមិនបានសិក្សាពីផលប៉ះពាល់និងពីទិដ្ឋភាពច្បាប់ របស់ធនធានទឹក និងច្បាប់សំណង់…ជាដើម ។ល។

      ការលើកឡើងរបស់ឯកឧត្តមអភិបាលរងខេត្តបែបនេះគឺដោយសារតែកន្លងមក មានករណីអាជ្ញាធរឃុំ-សង្កាត់ខ្លះ បានប្រើសិទ្ធិស្វ័យភាពរបស់ខ្លួន ខុសនឹងច្បាប់។ ដោយបានអនុញ្ញាតនិងឃុបឃិតបិទបាំងនិងផលលាភសក្ការៈនិងមនោសញ្ចេតនាយល់យោគដោយទង្វើបុគ្គលរបស់ខ្លួន ហ៊ានសំរេចដោយការខុសឆ្គងជាមួយច្បាប់ អនុញ្ញាតឲ្យពលរដ្ឋធ្វើអ្វីមិនសិក្សាផលប៉ះពាល់ និងមិនរាយការណ៍ទៅរដ្ឋបាលក្រុង ស្រុករហូតដល់ថ្នាក់ខេត្ត។ឯកឧត្តម សឿម ប៊ុនរិទ្ធិ បានសង្កត់ទៀតថា៖គ្រប់អាជ្ញាធរមូលដ្ឋានទាំងអស់ មិនត្រូវប្រព្រឹត្តការងារ ផ្ទុយនឹងច្បាប់ បែបនេះជាដាច់ខាត។ កន្លងមកមានមេឃុំ នៅតាមស្រុកមួយចំនួន ដោយចង់អភិវឌ្ឍភូមិឃុំរបស់ខ្លួន ក៏អនុញ្ញាតឲ្យមានការចាក់ដីលុបស្ទឹងលុបប្រឡាយរបស់រដ្ឋដោយមិនបានសិក្សាទៅលើច្បាប់ធនធានទឹក និងច្បាប់សំណង់ ឬច្បាប់ផ្សេងៗដទៃទៀតជាដើម ។
       ឯកឧត្តមអភិបាលរងខេត្តទទួលបន្ទុកដីធ្លី ក៏បានធ្វើការពន្យល់ និង ឆ្លុះបញ្ចាំងពីទិដ្ឋភាពច្បាប់ទៀតថា៖បញ្ហាលើកឡើងខាងដើមនេះ រាល់មេឃុំចៅសង្កាត់ មុននឹងអនុញ្ញាតធ្វើអ្វីមួយ ត្រូវសិក្សាពីច្បាប់ជាមុនសិន?មិនត្រូវប្រើច្បាប់ស្វ័យភាពរបស់ខ្លួនដោយមិនបានមើលមុខមើលក្រោយនិងសិក្សាពីទិដ្ឋភាពច្បាប់ឲ្យបានច្បាស់លាស់ជាមុនឡើយ។
ការធ្វើអ្វីៗដោយចិត្តឯង បើក្រុមប្រឹក្សាឃុំ-សង្កាត់ធ្វើបែបនេះ គឺ៖យើងអាចរំសាយចោល ហើយរៀបចំឡើងវិញ ។
 
       តាមរយៈ សំណូមពរ និងសំណួរពាក់ព័ន្ធអំពីផលរបរអាជីវកម្មវិស័យដីធ្លី និងក្រុមហ៊ុនសំណង់ផ្សេងៗ ដែលជួបបញ្ហាប្រឈមកន្លងមកឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងគូសបញ្ជាក់ថា៖ ចំពោះបងប្អូនអ្នកធ្វើអាជីវកម្មវិស័យអចលនទ្រព្យ មុននឹងចង់វិនិយោគ លើអាជីវកម្មរបស់ខ្លួន ត្រូវតែចេះសិក្សាស្វែងយល់អំពីតំបន់នីមួយៗ ដែលខ្លួនចង់វិនិយោគឲ្យបានច្បាស់លាស់ ជាមុនសិន? មុននឹងបោះទុន ឬដាក់ទុនវិនិយោគ?ដើម្បីចៀសវាង ពីឧបសគ្គ និង មានផលប៉ះពាល់ទៅថ្ងៃខាងមុខ ។

       ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានលើកឡើង ដោយគូសបញ្ជាក់ថា៖ ក្នុងនាមជាអាជ្ញាធរខេត្ត នឹងផ្ដល់លទ្ធភាពលើកទឹកចិត្ត ឲ្យមានការវិនិយោគផ្នែកអចលនាទ្រព្យក្នុងខេត្ត តាមរយៈការផ្ដល់ជូននូវឯកសាររដ្ឋបាល ដោយមានគណនេយ្យ ភាព និងតម្លាភាពឲ្យបានលឿនរហ័ស។ប៉ុន្តែខាងម្ចាស់អាជីវកម្ម ក៏ត្រូវសិក្សាពីប្រព័ន្ធលូ បណ្ដាញអគ្គិសនី ទឹកនិងផ្លូវជាដើម ដោយអនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមកិច្ចសន្យា និង ផ្នែកច្បាប់ ។

     កន្លងទៅថ្មីៗនេះ នៅក្នុងកិច្ចប្រជុំ របស់ គណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តបាត់ដំបងកន្លងមកនេះ ពាក់ព័ន្ធទៅនឹងសិទ្ឋិស្វ័យភាព របស់ខ្លួនដែលជា(មេឃុំ) ដោយការប្រព្រឹត្តទង្វើខុសច្បាប់បែបនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏ធ្លាប់បានលើកផងដែរថា ទោះរដ្ឋបាលខេត្តមិនមានសិទ្ធិបញ្ឈរជើង ឬ ក៏បញ្ចប់ការងារ របស់លោកមេឃុំឬក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលធ្វើខុសច្បាប់។ ក៏ប៉ុន្តែខេត្ត ក៏មានសិទ្ធិដាក់សំណើទៅលើ ឲ្យដកចេញបាន។ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើ ដាស់តឿនក្រើនរំលឹកដល់ក្រុមប្រឹក្សា ឃុំ -សង្កាត់ទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្ន និងមិនត្រូវធ្វើ ឲ្យខុសច្បាប់ជាដាច់ខាត ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner