ប្រទេសកម្ពុជាគឺជាទីជម្រកដ៏ធំតែមួយគត់នៅលើពិភពលោកសម្រាប់សត្វត្រយងយក្សនិងសត្វ ត្រយងចង្កំ-ក-ស ដែលជាប្រភេទសត្វ ងាយរងគ្រោះបំផុត និងជិតផុតពូជនៅលើពិភពលោក
កម្ពុជាមានមោទនភាព ដែលមានសត្វកម្រនេះ ហើយចាំបាច់ យើងទាំងអស់គ្នាត្រូវរួមគ្នាការពារ និងអភិរក្សសត្វដ៏កម្រប្រភេទនេះឱ្យបានគង់វង្សស្ថិតស្ថេរសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀតដើម្បីផលប្រយោជន៍ នៃជីវៈចម្រុះពិភពលោកទាំងមូល»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ សួងបរិស្ថាន ក្នុងឱកាសដែលឯកឧត្តមដឹកនាំប្រតិភូក្រសួងបរិស្ថាន ពិនិត្យលើការ អនុវត្តគម្រោង ការពារនិងអភិរក្សសត្វព្រៃរបស់អង្គការសមាគមសត្វព្រៃប្រចាំកម្ពុជា (WCS) កាលពីថ្ងៃទី៩ និងទី១០ ខែមិថុនា ឆ្នាំ២០២០នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែបក្នុងទឹកដីខេត្តព្រះវិហារ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា យោងតាមការជំរឿនសត្វត្រយងរបស់អង្គការដៃគូនានារបស់ក្រសួងបរិស្ថាន ត្រយងយក្សដែលជាសត្វ រងគ្រោះបំផុតនៅលើពិភពលោក
មានប្រមាណ៣០០ក្បាលស្មើនឹង៩៩%នៃសត្វត្រយងយក្សរបស់ពិភពលោកក្នុងនោះសត្វត្រយងយក្ស ពេញ វ័យមានក្រោម២០០ក្បាល។ចំណែកសត្វត្រយងចង្កំកសមានចំនួនជិត៦០០ក្បាល ស្មើនឹងប្រមាណ ៩៥% នៃសត្វត្រយងចង្កំកសនៅលើពិភពលោក។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅឆ្នាំ ២០០៥ សត្វត្រយងយក្សត្រូវបានកំណត់ដោយព្រះរាជក្រឹត្យជាសត្វស្លាបនិមិត្តសញ្ញាជាតិរបស់ប្រទេសកម្ពុជា។ សត្វត្រយងយក្សជាសត្វរងគ្រោះបំផុតជិតផុតពូជហើយសត្វនេះត្រូវបានការពារដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារនិងអភិរក្សសត្វត្រយងក្ស និងស្វតត្រយងចង្កំ-ក-ស នេះដោយប្រុងប្រយ័ត្នបំផុត។
ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថា ក្រសួងបរិស្ថានបានសហការជាមួយអង្គការជាច្រើនក្នុងនោះអង្គការសមាគមសង្គ្រោះសត្វព្រៃWCSបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារ និងអភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំ-ក-ស នេះតាមរយៈការអនុវត្តគម្រោងស្រូវសត្វត្រយងដែលមិនត្រឹមតែធានាដល់ការផលិត ស្រូវសម្រាប់ប្រើប្រាស់ផ្គត់ផ្គង់ក្នុងគ្រួសាររបស់ប្រជាពលរដ្ឋទេប៉ុន្តែធានាបាននិរន្តរភាពសម្រាប់ការប្រើប្រាសខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីគាំទ្រការអភិរក្សការពារសត្វព្រៃ ព្រៃឈើ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បានបន្តថានេះ គឺជាការគាំទ្រ និងផ្តល់ជម្រើស ថ្មីដល់ប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពដូចដែលពួកគាត់ប្រាថ្នា និងជាមួយគ្នានេះការអភិរក្ស ធនធានធម្មជាតិ និងសត្វព្រៃអាចសម្រេចបានជោគជ័យ។
យោងតាមឯកសារជំនួយស្មារតីរបស់អង្គការសមាគមអភិរក្សសត្វព្រៃដែលមានលោក កែន សេរីរដ្ឋា ប្រធាន បានបញ្ជាក់ថា គម្រោងស្រូវសត្វត្រយង បានអនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃ ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថានបានធ្វើការងារជាមួយសហគមន៍មូលដ្ឋាននៅក្នងតំបន់ការពារអស់រយៈ ពេល១០ឆ្នាំមក ហើយដើម្បីអភិរក្សកម្មវិធីលើកកម្ពស់ជីវភាពដែលបណផ្សាភ្ជាប់ជាមួយការអភិរក្សដែលផលប្រយោជន៍ជាសាច់ប្រាក់បានដល់ប្រជាពលរដ្ឋមូលដ្ឋាន។ គម្រោងស្រូវសង្គ្រោះសត្វព្រៃនេះរួមមាន ការមិនកាប់ទន្ទ្រាន និងពង្រីកដីខុសច្បប់ គោរពគោលការណ៍មិនបរបាញ់ មិនបរិភោគ និងជួញដូរសត្វព្រៃ និងអនុវត្តផលិតកម្មស្រូវតាមស្តង់ ដារសរីរាង្គ។ បើតាមអង្គការ WCS កម្មវិធីស្រូវ សត្វត្រយងកំពុងរីកលូតលាស់ឆាប់រហ័ស ចាប់ផ្តើមពី២ ភូមិរហូតដល់សព្វថ្ងៃកំពុងតែអនុវត្តក្នុង ១១ភូមិ នៅក្នុងតំបន់ការពារទេសភាព ភាគខាងជើងប្រទេសកម្ពុជា (ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប និងដែនជម្រកសត្វព្រៃព្រះរការ) ៥ភូមិជាមួយព្រំប្រទល់តំបន់ដែនជម្រកសត្វព្រៃសៀមប៉ាង ភាគខាងលិច ៣ភូមិនៅក្នងតំបន់ដែនជម្រកសត្វព្រៃកែវសីមា និង ៣ភូមិនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
បើតាមការរំពឹងទុកនៅក្នុងឆ្នាំ២០២០ របស់អង្គការ WCS បានឱ្យដឹងថា នៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ កសិករដែលចូលរួមជាមួយគម្រោងមានការកើនឡើងពី ៣៥ គ្រួសារហូតដល់ ៧៥០គ្រួសារ។ ការពង្រីកគម្រោងនេះត្រូវបានគាំទ្រដោយគម្រោងព្រៃឡង់បៃតង និងដៃគូសហការជា មួយក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តព្រះវិហារ អង្គការសមាគមសត្វព្រៃ អង្គការសន្សំម្លប់ព្រៃ និងសហគមន៍មូលដ្ឋានដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ។ បរិមាណផលិតស្រូវសត្វត្រយ៉ងដែលបានទិញពីកសិករនៅក្នុងមូលដ្ឋានបានកើនឡើងពី ៣៩តោនរហូតដល់ ១២០០ តោននៅក្នុងឆ្នាំ២០១៩ ជាមួយការរំពឹងទុកសម្រាប់ឆ្នាំ ២០២០ គឺ២០០០តោន ប្រសិនបើមានភ្លៀងគ្រប់គ្រាន់។ ផលិតផលស្រូវត្រយ៉ង បានទទួលវិញ្ញាបនបត្រ បញ្ជាក់ថាជាផលិតផលសរីរាង្គ និងមិត្តភាពសត្វព្រៃ ហើយសព្វថ្ងៃត្រូវបាននាំចេញទៅកាន់ប្រទេសសិង្ហបុរី អាល្លឺម៉ង់ កាណាដា សហរដ្ឋអាមេរិក និងទីក្រុង ហុងកុង ហើយនៅឆ្នាំ ២០២១ គ្រោងនឹងនាំចេញទៅប្រទេសអង់គ្លេស និងអូស្ត្រាលី។
ឯកឧត្តម នេត្រ ភក្ត្រា វាយតម្លៃខ្ពស់គម្រោងស្រូវសត្វត្រយ៉ងដែលនេះ ហើយក្រសួងបរិស្ថានបានរៀបចំគោលនយោបាយ និងផែនការសកម្មភាពលើការបង្កើតសេដ្ឋកិច្ចមូលដ្ឋានរបស់សហគមន៍ ឱ្យមានជីវភាពធូរធារ។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចនឹងពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារ និងអភិរក្សសត្វត្រយ៉ងយក្ស និងសត្វត្រយ៉ងចង្កំ-ក-ស ដើម្បីជាផលប្រយោជន៍រួម។ ឯកឧត្តមថា រាជរដ្ឋាភិបាលកម្ពុជា មានទិសដៅ បង្កើនចំណូលបន្ថែមលើមុខរបរចិញ្ចឹមជីវិត និង កាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើដែលជាទម្លាប់ចាស់របស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំង ការបណ្តុះបណ្តាល សហគមន៍ ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វ ការដាំដំណាំកសិកម្ម និងដំណាំរួមផ្សំផ្សេងទៀត ដើម្បីបម្រើសេវាកម្មដល់ភ្ញៀវទេសចរ នៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋ៕