មន្រ្តីឧទ្យានុរក្សកំពុងចូលរួមការពារនិងអភរិក្សជាប់ជាប្រចាំនៅតាមតំបន់ការពារធម្មជាតិទាំង២០នៅកម្ពុជា
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ បច្ចុប្បន្ននេះមន្រ្តីឧទ្យានុរក្សដោយក្នុងនេះ មានទាំង បុរស ស្រ្តី ត្រូវបានដាក់ពង្រាយជាប់ជាប្រចាំនៅតាមតំបន់ការពារធម្មជាតិទាំង២០ដើម្បី បំពេញតួនាទីជាឆ្នាំព្រៃការពារ និងអភរិក្សធនធានធម្មជាតិ ,បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិប្រកប ដោយការទទួលខុសត្រូវខ្ពស់នៅតាមបណ្តាតំបន់ការពារធម្មជាតិនានា ក្នុងប្រទេសកម្ពុជា។នេះបើតាមការឱ្យដឹងពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា មន្រ្តីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថាន។
ថ្លែងនៅថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ ២០២០នេះ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា បច្ចុប្បន្នខេត្តដែលត្រូវបានក្រសួងបរិស្ថានដាក់បញ្ចូលជាតំបន់ការពារធម្មជាតិ ហើយមានមន្រ្តី ឧទ្យានុរក្សកំពុងអនុវត្តតួនាទីនោះមានចំនួន២០ខេត្ត។ដោយឡែកចំពោះខេត្ត ក្រុងដែលពុំទាន់មានតំបន់ការពារធម្មជាតិមានដូចជា កំពង់ចាម ខេត្តកណ្តាល ខេត្តព្រៃវែងស្វាយរៀង និងរាជធានីភ្នំពេញ។
ទោះបីយ៉ាងណាក្តី ឯកឧត្តមរដ្ឋ លេខាធិការបានបញ្ជាក់ដែរថា នៅខេត្តព្រៃវែងគេកំពុងតែសិក្សា តំបន់បឹងស្នេហ៍ដើម្បីដាក់បញ្ចូលជាតំបន់ការពារទេសភាពធម្មជាតិនៅថ្ងៃខាងមុខ។
ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍នាកន្លងមកថា “មន្រ្តីឧទ្យានុរក្សត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ពិសេសថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយប្រជាពលរដ្ឋក៏មានតួនាទីដ៏សំខាន់ក្នុងការចូលរួមការពារធនធានធម្មជាតិដែលមិនអាចខ្វះបានផងដែរ”។
សូមបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សប្រចាំនៅតាមតំបន់ការពារធម្មជាតិមាននីតិសម្បទាជាភ្នាក់ងារនគរបាលយុត្តិធម៌ និងមន្ត្រីនគរបាលយុត្តធម៌មានភារកិច្ចល្បាតជាប្រចាំ ក្នុងការអង្កេត តាមដាន ស្រាវជ្រាវជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី និងចាត់វិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ព្រមទាំងមានវិធានការទប់ស្កាត់ភ្លើងឆេះព្រៃ។ មន្ត្រីឧទ្យានុរក្សក៏មានភារកិច្ច ប្រចាំការជាប្រចាំ ក្នុងការយាមកាម ត្រួតពិនិត្យលិខិតអនុញ្ញាត និងឯកសារផ្សេងៗ ក៏ដូចជាការនាំចេញ និងនាំចូលនូវប្រភេទសត្វ រុក្ខជាតិ គ្រាប់រុក្ខជាតិ និងសំណាកផ្សេងៗក្នុងតំបន់ការពារធម្មជាតិ។ ភារកិច្ចមួយទៀតរបស់ឧទ្យានុរក្សគឺ ការងារ អប់រំផ្សព្វផ្សាយស្តីពី កិច្ចការពារបរិស្ថាន សម្របសម្រួល និងអភិវឌ្ឍន៍សហគមន៍ និងសហគមន៍តំបន់ការពារធម្មជាតិ ដែលរស់នៅក្នុងនិងក្បែរតំបន់ការពារធម្មជាតិ។ ក្រៅពីភារកិច្ចស្នូលខាងលើ មន្រ្តីឧទ្យានុរក្សបានដើរតួនាទីចូលរួមក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន និងជាកម្លាំងអន្តរាគមន៍លើការងារសង្គ្រោះក្នុងពេលមានគ្រោះមហន្តរាយកើតមានឡើង ដូចជាទឹកជំនន់ ភ្លើងឆេះព្រៃ គ្រោះរាំងស្ងួតជាដើម។ល។
កម្លាំងឧទ្យានុរក្សមានចំនួនកើនពី ៧៥នាក់ក្នុងឆ្នាំ១៩៩៥ កើនដល់ចំនួន ៩៦០នាក់ក្នុងឆ្នាំ២០១០ និងជាង ១២០០នាក់ក្នុងឆ្នាំ២០២០។កម្លាំងឧទ្យានុរក្សត្រូវបានបញ្ជូលជាមន្ត្រីក្របខណ្ឌសាធារណៈជាមន្ត្រីឧទ្យានុរក្សនា ឆ្នាំ២០១៧។
បើតាមតាមឯកឧត្តមរដ្ឋេលេខាធិការបានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះកម្ពុជាយើងមានតំបន់ការពារធម្មជាតិចំនួន ៦៩កន្លែង លើទំហំផ្ទៃដីចំនួន ៧,៣លានហិកតា ដែលទំហំដ៏ធំនេះជាកាតព្វកិច្ចដែលក្រសួងបរិស្ថាន ត្រូវការកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីដែលពាក់ព័ន្ធនានា ក្នុងការធានាបាននូវនិរន្តភាពការពារក្តានុពលបរិស្ថាន និងអភិរក្សធនធានធម្មជាតិរបស់យើង សម្រាប់តម្កល់ជូនឧត្តមប្រយោជន៍ដល់ជំនាន់ក្រោយ៕