សប្បុរសជននៅក្នុងរាជធានីភ្នំពេញ បន្តឧបត្ថម្ភម៉ាស់២ម៉ឺន៥ពាន់ម៉ាសជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានការឧបត្ថម្ភនូវម៉ាស់ចំនួន២ម៉ឺន៥ពាន់ម៉ាស់បន្ថែមទៀតពីសប្បុរសជននៅក្នុងរាជធានីភ្នំពេញ គឺក្រុមហ៊ុន រួយ អ៊ិនហ្វីនីធី។
ពីធីទទួល និងប្រគល់ម៉ាស់ បានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមវត្តមានលោកឧត្តម សេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
សូមរំលឹកថា ព្រឹត្តិការណ៍០៣ វិច្ឆិកា និងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា បានកើតឡើងនោះកម្លាំងនគរបាលរាជធានីភ្នំពេញ បានអនុវត្តតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញធ្វើសកម្មភាពយ៉ាងសកម្មសហការជាមួយក្រសួងសុខាភិបាលកម្ពុជា និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ១៩នេះ។ ក្នុងនោះបានចេញផ្សព្វផ្សាយអប់រំជូនប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ នៅតាមសហគមន៍ ពង្រឹងស្មារតីប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបញ្ហាជំងឺឆ្លងកូវីដ១៩ ដោយនាំគ្នាអនុវត្តវិធានការរបស់ក្រសួងសុខភិបាលឱ្យបានខ្ជាប់ខ្ជួន និងបាននាំយកម៉ាស់ជាច្រើនដែលទទួលបានការឧបត្ថម្ភពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី និងសប្បុរសជននានា យកទៅចែកជូនប្រជាពលរដ្ឋនៅតាមផ្លូវសាធារណៈ ទីប្រជុំនានាក្នុងរាជធានីភ្នំពេញ និងណែនាំឱ្យពាក់ម៉ាស់គ្រប់គ្នាក្នុងការចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។
លោកឧត្តម សេនីយ៍ទោ ហ៊ុន សុធី ក្នុងនាមឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណប្រធានក្រុមហ៊ុន រួយ អ៊ិនហ្វីនីធី ដែលបានឧបត្ថម្ភនូវម៉ាស់ទាំងនេះជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឆ្លើយតបចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។ ម៉ាស់ដែលសម្បុរសជនឧបត្ថម្ភមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគឺមួយផ្នែកសម្រាប់ចែកជូនកងកម្លាំងប្រើប្រាស់បំពេញភារកិច្ច និងមួយផ្នែកទៀតយកទៅចែកជូនប្រជាពលរដ្ឋដើម្បីពាក់ប្រើប្រាស់បង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។
យោងតាមរបាយការណ៍របស់នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលឱ្យដឹងថា គិតចាប់ត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បានរកឃើញករណីជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២៨វិច្ឆិកា ចំនួន០៤នាក់ទៀត សរុបកើនឡើង៣៨នាក់ ៕





