អ្នកពាក់ព័ន្ធនូវ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅខេត្តសៀមរាប បានអញ្ជើញមក មណ្ឌល ចត្តាឡីស័ក ជាលើកទី២ ដើមី្បឲ្យក្រុមគ្រូ ពេទ្យយកនូវសំណាកវិភាគរកវីរ៉ុសកូវិដ១៩
បងប្អូនជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនូវ ព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា បានអញ្ជើញមកមណ្ឌលចត្តាឡីស័ក សាលាគរុកោសល្យខេត្តសៀមរាប ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ដើមី្បឲ្យក្រុមគ្រូពេទ្យយកនូវសំណាក និងបូមឈាម យកទៅពិនិត្យរកវីរ៉ុសកូវិដ១៩ ។ ក្នុងសកម្មភាពការយកសំណាកនេះដែរ ក្រោមការត្រួតពិនិត្យរបស់ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀម និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង បង្កា ទប់ស្កាត់នៃជម្ងឺកូវិដ១៩ថ្នាក់ខេត្ត នៅព្រឹកថ្ងៃទី០៩ ធ្នូ ឆ្នំា២០២០។
ឯកឧត្តម ពិន ប្រាកដ បានឲ្យដឹងថា ដោយមានស្មារតីភ្ញាក់រលឹក និងស្ម័ត្រចិត្តរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនជាពាណិជ្ជករ អាជីវករ និង ប្រជាពលរដ្ឋក្នុងខេត្ត ដែលពួកគាត់មានការពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ (សហគមន៍២៨ វិច្ឆិកា) បានចូលមកឲ្យក្រុមគ្រូពេទ្យធ្វើការយកនូវសំណាកវីរ៉ុសកូវិដ១៩ នៅលើកទី១ ប្រមាណជាង៤០០នាក់ មកពីពន្ធនាគារ ,បុរីសៀងណាំ រួមទាំងប្រជាពលរដ្ឋស្ម័ត្រចិត្តបានចូលខ្លួនមកធ្វើការយកសំណាក នៅមណ្ឌលចត្តាឡីស័ក សាលាគរុកោ សល្យ ខេត្តសៀមរាប ។ នៅក្នុងដំណាក់កាលយកសំណាកជាលើកទី២នេះ ដោយក្រុមគ្រូពេទ្យបានយកសំណាក និងបូមឈាម ដើមី្បយកទៅពិនិត្យ រកនូវវិជ្ជមានវីរ៉ុសកូវិដ១៩បន្តទៀត ។ ឯកឧត្តមក៏បានបញ្ជាក់ថា ក្នុងការយកសំណាកនៅលើកទី១នោះ គឺមានលទ្ធផលអវិជ្ជមានទាំងអស់ ។ ក្នុងដំណាក់កាលទី២ នេះ បងប្អូនយើងបានមកផ្តល់សំណាក ដល់ក្រុមគ្រូពេទ្យ មានចំនួន ៣៦៤ នាក់ ស្រី ២២៨នាក់ ចាប់ពីថ្ងៃទី០៨ ធ្នូ មកដល់ត្រឹមម៉ោង១២.០០នាទី ថ្ងៃទី០៩ ធ្នូ ឆ្នាំ២០២០ ។
ឯកឧត្តមក៏បានអំពាវនាវបន្ថែមទៀត សូមឲ្យបងប្អូនដែលមានការពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា គឺប្រញ៉ាប់ចូលមកធ្វើការយកសំណាក ដើមី្បរកនូវវិជ្ជមានវីរ៉ុសកូវិដ១៩ ក្នុងការបញ្ជៀសការរីករាលដាលនៅក្នុង សហគមន៍ និងសូមឲ្យបងប្អូនគ្រប់គ្នា ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តសេចក្តីណែនាំ និង វិធានការរបស់ក្រសួងសុខាភិបាល ឲ្យបានជាប្រចាំ ដោយធ្វើអនាម័យលាងសម្អាតដៃដោយទឹកសាប៊ូ អាល់កុល ឬជែល និងត្រូវពាក់ ម៉ាស់ឲ្យបានត្រឹមត្រូវជាប្រចាំទៀតផង ៕ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប





