សម្តេចតេជោ ហ៊ុន សែន ប្រកាសថាកម្ពុជាចូលរួមចំណែកជាថវិកាចំនួន៧លានដុល្លារក្នុងមូលនិធិអភិវឌ្ឍន៍ ACMECS
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសពីការចូលរួមរបស់កម្ពុជាចំនួន៧លានដុល្លារក្នុងមូលនិធិអភិវឌ្ឍន៍ACMECS។ មូលនិធិអភីវឌ្ឍន៍ACMECS ដែលមានប្រទេសចំនួន៥ជាសមាជិករួមមាន៖កម្ពុជា ថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា ដើម្បីពន្លឿនដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ និងពន្លឿនការងើបឡើងវិញបន្ទាប់ពីជំងឺកូវីដ១៩។ សម្ដេចតេជោប្រកាសបែបនេះក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ(ACMECS)លើកទី៩នាព្រឹកថ្ងៃទី៩ខែធ្នូតាមប្រព័ន្ធវិដេអូ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាថៃបានសន្យាផ្តល់វិភាគទានចំនួន២០០លានដុល្លារអាមេរិកជាមូលនិធិដំបូងសម្រាប់ការបង្កើតមូលនិធិអភិវឌ្ឍន៍ACMECS។ក្នុងស្មារតីនេះរាជរដ្ឋាភិបាលកម្ពុជាក៏បានសន្យាផ្តល់វិភាគទាន៧លានដុល្លារអាមេរិកហើយសម្តេចក៏ទន្ទឹងរង់ចាំស្វាគមន៍ការចូលរួមដោយស្ម័គ្រចិត្តរបស់ពីសមាជិកដទៃទៀតក្នុងមូលនិធិអភិវឌ្ឍន៍ ACMECS។
សម្តេចបញ្ជាក់ថាជាមួយនឹងផ្តល់វិភាគទានហិរញ្ញវត្ថុគ្រប់គ្រាន់ និងក្រុមប្រឹក្សាប្រតិបត្តិដែលមានសមត្ថភាពខ្ញុំពិតជាមានសុទិដ្ឋនិយមថាយើងអាចចាប់ផ្តើមអនុវត្តន៍គម្រោងអាទិភាពក្រោមផែនការមេACMECS២០១៩-២០២៣ដោយរលូន។
សម្តេចតេជោ ហ៊ុន សែន បានបន្តថាប្រទេសសមាជិកACMECS ស្មើនឹងពាក់កណ្តាលនៃប្រទេសសមាជិកអាស៊ានទាំង១០ហើយក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ានក្នុងករណីដែលACMECS ដែលមានប្រទេសជាសមាជិកថ្មីថ្មោងចំនួន៤គឺទទួលបាននូវការអភិវឌ្ឍវា និងកាត់បន្ថយបាននូវគម្លាតហើយវាក៏ទទួលបាននូវការធ្វើសមាហរណកម្ម៕