អភិបាលខេត្តកណ្តាល បញ្ជាឲ្យបិទផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ បណ្តោះអាសន្ន
កណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាឲ្យបិទផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ ជាបណ្ដោះអាសន្នសិន ក្រោយរកឃើញមនុស្សម្នាក់មានផ្ទុកវីរុសកូវីដ-១៩ ហើយពាក់ព័ន្ធនៅតំបន់ ព្រមទាំងមនុស្ស ៧នាក់ពាក់ព័ន្ធដោយផ្ទាល់ និង៣០នាក់ផ្សេងទៀតពាក់ព័ន្ធដោយប្រយោល ត្រូវបានណែនាំឲ្យធ្វើចត្តាឡីស័ក។
អភិបាលខេត្ត បានបញ្ជាក់ថា ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ក្នុងពេលលោកដឹកនាំក្រុមការងារ ចុះពិនិត្យ និងបញ្ជាឱ្យមានការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ នឹងក្រុមគ្រួសាររបស់លោកស្រី អៀម ធីតា ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅមណ្ឌលចត្តាឡីស័ក ស្រុកកណ្តាលស្ទឹង។
អ្នកពាក់ព័ន្ធ ៣៧នាក់ទៀត ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ និងបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក ដែលរដ្ឋបាលខេត្តបានរៀបចំបានយ៉ាងត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាលរួចហើយ។ ទីកន្លែងដែលជាប់ពាក់ព័ន្ធ ក្រុមគ្រូពេទ្យបានបាញ់ថ្នាំសម្លាប់មេរោគ។ ក្រុមការងារ បានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដោយផ្តាំថា បើបានដឹងខ្លួនថាមានជាប់ពាក់ព័ន្ធ សូមទៅធ្វើតេស្ត និងមិនត្រូវមានការភ័យខ្លាចជ្រុល ឬជ្រួលច្របល់ឡើយ។
