សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMEC លើកទី៩ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំ ACMEC ដែលប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះ គឺផ្ដោតទៅលើមូលបទ ” ភាពជាដៃគូសម្រាប់ការតភ្ជាប់ និងភាពធន់” ។ នៅក្នុងកិច្ចប្រជុំនេះ អ្វីដែលសំខាន់ គឺមានចេញឯកសារទី១ គឺសេចក្តីថ្លែងការណ៍ភ្នំពេញ នៃកិច្ចប្រជុំកំពូល ACMEC លើកទី៩ ដោយគូសបញ្ជាក់ទៅលើចំណុចសំខាន់ៗ ជាពិសេសពាក់ព័ន្ធទៅ នឹងអ្វីដែលជាការយកចិត្តទុកដាក់របស់ប្រទេស ACMEC ទាំងប្រាំប្រទេសក្នុងនោះកម្ពុជាគឺជាប្រទេសមួយជាប្រទេសស្ថាបនិកមួយដែរ។

លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំនេះ
ទី១)គឺការចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ
ទី២)បញ្ជីគម្រោងអាទិភាពរបស់ ACMEC
ទី៣)គឺការអនុម័តទៅលើក្របខ័ណ្ឌអភិវឌ្ឍន៍ ដែលនៅក្នុងនេះប្រទេសថៃបានប្រកាសអនុវត្តសន្យាដាក់មូលនិធិ២០០លានដុល្លារ ហើយកម្ពុជាក៏សម្រេចដាក់៧លានដុល្លារ ក្នុងមូលនិធិផងដែរ សម្រាប់អនុវត្តគម្រោងអាទិភាពក្នុងប្រទេស ACMEC ទាំង៥នេះ។

អង្គប្រជុំក៏បានគូសបញ្ជាក់ផងដែរអំពីគម្រោងដៃគូអភិវឌ្ឍន៍របស់ ACMEC នៅក្នុងក្រុមទី១ ដែលមានចិន ជប៉ុន កូរ៉េ ឥណ្ឌា និងសហរដ្ឋអាមេរិក ។ និងក្រុមទី២ ដែលជាប្រទេសដៃគូអភិវឌ្ឍន៍ ACMEC ដែលមានប្រទេស អ៊ីស្រាអែល និងណូវែលហ្សេឡង់ ។

នៅក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំនៃប្រទេស ACMEC បានពិភាក្សាគ្នាផ្លាស់ប្ដូរមតិយោបល់ អំពីការប្រឈមទាំងឡាយជាពិសេសការប្រឈមនឹងជំងឺរាតត្បាត កូវីដ១៩ ដែលប៉ះពាល់ទាំងស្រុងតែម្តង។ កិច្ចប្រជុំ ក៏បានផ្លាស់ប្ដូរមតិជុំវិញ ក្នុងការឆ្លើយតបជាពិសេស ក្រោយការបញ្ចប់កូវីដ១៨នេះ ដើម្បីខិតខំជំរុញឱ្យសេដ្ឋកិច្ចមានភាពល្អប្រសើរឡើងវិញ។
លើសពីនេះទៅទៀត ប្រមុខរដ្ឋាភិបាលនៃប្រទេស ACMEC បានផ្លាស់ប្ដូរមតិយកចិត្តទុកដាក់ចំពោះការតភ្ជាប់គម្រោងទាំងឡាយទាំងផ្នែកទន់ និងផ្នែករឹង ដូចជាហេដ្ឋារចនាសម្ព័ន្ធជាដើម ជាពិសេសការជំរុញសេដ្ឋកិច្ចឌីជីថល។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល ACMEC ក៏បានលើកឡើងអំពីការបន្តជំរុញអភិវឌ្ឍផែនការមេ និងការជំរុញវិស័យសំខាន់ៗជាច្រើនទៀត ដូចជាពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ភ្ជាប់សហគ្រាសធុនតូច និងមធ្យម និងការពង្រឹងវិស័យសុខាភិបាល។

នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ ក៏បានពិភាក្សាគ្នាអំពីការធ្វើការរួមគ្នា ក្នុងក្របខណ្ឌ ACMEC នេះ ដោយត្រូវឲ្យមានលេខាធិការដ្ឋាន ACMEC ហើយថ្នាក់ដឹកនាំក៏បានពិភាក្សាដោយផ្លាស់ប្ដូរមតិយោបល់គ្នាទៅវិញទៅមក ហើយត្រង់ចំនុចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានគាំទ្រនូវការលើកឡើងនេះផងដែរ ហើយថ្នាក់ដឹកនាំ ACMEC នឹងបង្កើតឲ្យមាន លេខាធិការដ្ឋាន ACMEC នេះ នាពេលខាងមុខផងដែរ។
ក្នុងនោះប្រមុខរដ្ឋាភិបាល ACMEC សូមឲ្យស្រីស្នើសុំឲ្យវិស័យឯកជនបន្តចូលរួមដោយសកម្មនៅក្នុងការអភិវឌ្ឍន៍នេះ ជាពិសេសការបន្តប្រជុំក្នុងវេទិកាធុរកិច្ច CO. ACMEC នេះ។

នៅក្នុងកិច្ចប្រជុំនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍លើកឡើងជាច្រើនចំណុច បញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាសមាជិកទាំងអស់នៅក្នុងការជំរុញឲ្យប្រទេស ACMEC អនុវត្តសកម្មភាពទទួលបានជោគជ័យ ជាពិសេសគឺការជំរុញការតភ្ជាប់ និងការកសាងសហគមន៍ ACMEC ធ្វើយ៉ាងណាប្រែក្លាយឲ្យអនុតំបន់ ACMEC មានកំណើនសេដ្ឋកិច្ចខ្ពស់ និងជំរុញការបណ្ដុះបណ្ដាលធនធានមនុស្ស ជំរុញការតភ្ជាប់ ជំរុញឲ្យសេដ្ឋកិច្ចអនុតំបន់នេះកាន់តែលឿនទៅមុខ ជាពិសេសគឺការជំរុញការកាត់បន្ថយគំលាត និងការកាត់បន្ថយភាពក្រីក្រ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យធ្វើយ៉ាងណា ប្រទេសទាំងអស់ យកចិត្តទុកដាក់ទៅលើបញ្ហាវ៉ាក់សាំង គ្រាដែលប្រទេសវៀតណាម បានប្រកាសទិញវ៉ាក់សាំង ប្រទេសឡាវ និងថៃ ក៏បានប្រកាសទិញវ៉ាក់សាំងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យមានការចែករំលែកបទពិសោធន៍ ក្នុងការប្រើប្រាស់វ៉ាក់សាំងនេះផងដែរ។ សម្ដេចតេជោ ក៏បានប្រកាសដែរថា កម្ពុជា គ្រោងនឹងទិញវ៉ាក់សាំងជំនួន១លានដូស ហើយកម្ពុជា ក៏ត្រូវការចាក់វ៉ាក់សាំង ទៅដល់មនុស្សចំនួន១០លាននាក់ផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner