ថ្ងៃទី៩-១០ ខែមិថុនា ស្លាប់ និងរបួស ៥នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត និងចំនួន ៤នាក់ទៀតបានរងរបួសធ្ងន់ជាបន្តបន្ទាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ពីលើក នៅស្រុកក្រគរ ។ នគរបាលស្រុកតាលោសែនជ័យ ប្រាប់ថា នៅយប់ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូម្ដុំផ្សារស្រូវ ស្ថិតនៅភូមិព្រៃតោ ឃុំតាលោ ស្រុកតាលោកសែនជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយអ្នកម៉ូតូម៉ាក វ៉េវអាល់ហ្វា ធ្វើដំណើរក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់កន្លែងកើតហេតុបានបុកអ្នកជិះកង់ពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសង់ខាង។
ដោយឡែក៖ នគរបាលស្រុកក្រគរឯនេះវិញប្រាប់ដែរថា យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៤.១៤៥ ស្ថិតនៅភូមិសានស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ រវាងអ្នកធ្វើដំណើររួមគ្នាចំនួន ៣នាក់ បានបុកជាមួយរថយន្តធុនធំខណៈកំពុងធ្វើចរាចរណ៍បញ្ច្រាសទិសគ្នា បណ្ដាលឲ្យយុវជនបើកបរម៉ូតូស្លាប់ភ្លាមៗ និងនារីរួមដំណើរ ២នាក់រងរបួសធ្ងន់ ។
ប្រភពព័ត៌មានពីនគរបាលស្រុកទាំងពីខាងលើបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ពីរលើក បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសដល់ទៅចំនួន ៥នាក់នេះ នគរបាលជំនាញបានធ្វើកំណត់ហេតុ ចំណែកវត្ថុតាងយកទៅរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីរងចាំបន្តនីតិវិធី ៕