ក្រុមប្រឹក្សាសហរដ្ឋអាមេរិកបើកភ្លើងខៀវអោយចាក់វ៉ាក់សាំងប្រឆាំង Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech
អាមេរិក៖ ក្រុមប្រឹក្សាមួយរបស់រដ្ឋាភិបាលអាមេរិកបានយល់ព្រមឲ្យចាក់វ៉ាក់សាំងប្រឆាំង Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech ដែលនេះជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការអនុម័តចុងក្រោយរបស់វ៉ាក់សាំងនេះ សម្រាប់ការចែកចាយនៅទូទាំងប្រទេស នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ។
ក្រុមទីប្រឹក្សាខាងក្រៅនៃរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA នៅល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបោះឆ្នោតគាំទ្រក្នុងសំឡេង១៧ទល់៤ ចំពោះវ៉ាក់សាំងនេះ ដោយសម្រេចថា គុណប្រយោជន៍របស់វាមានច្រើនជាងហានិភ័យសម្រាប់ការប្រើប្រាស់ដោយបុគ្គលដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ។
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA ត្រូវបានគេរំពឹងថា នឹងផ្តល់សិទ្ធិចែកចាយចាក់វ៉ាក់សាំងនេះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ។ ប្រការនេះមានន័យថា ក្នុងពេលឆាប់ៗខាងមុខ វ៉ាក់សាំងរាប់លានដូសអាចត្រូវបានចែកចាយនៅទូទាំងសហរដ្ឋអាមេរិក ស្របពេលដែលខ្លួនគឺជាប្រទេសដែលមានអ្នកស្លាប់ និងឆ្លងច្រើនជាងគេបំផុត ដោយសារជំងឺ Covid-19 នៅលើពិភពលោក ៕


