រដ្ឋមន្រ្តីក្រសួងអប់រំបង្ហាញពីសារៈសំខាន់ពីការសិក្សាលើវិស័យ STEM

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានបង្ហាញពីសារៈសំខាន់លើការសិក្សាមុខវិជ្ជា STEM(មុខជំនាញ​សំខាន់ៗ​ចំនួន​៤គឺ​វិទ្យាសាស្ត្រ​ ,បច្ចេកវិទ្យា,វិស្វកម្មនិងគណិតវិទ្យា)និងព្រមទាំងសំណូមពរដល់ដៃគូដែលបានធ្វើការសិក្សាស្រាវជ្រាវលើមុខ វិជ្ជានេះដើម្បីជួយគាំទ្រដល់ក្រសួងសម្រាប់អភិវឌ្ឍន៍លើវិស័យនេះកាន់តែរីកចម្រើនបន្ថែមទៀត។

          ការលើកឡើងរបស់ឯកឧត្តម ហង់ជួនណារ៉ុនបែបនេះធ្វើឡើងក្នុងអង្គសិក្ខាសាលាស្ដីពី STEM

ដែលបានរៀបចំឡើងតាមអនឡាញនៅថ្ងៃទី១១ខែធ្នូឆ្នាំ២០២០នេះ។

          គួរបញ្ជាក់ថាការរៀបចំអង្គសិក្ខាសាលានេះដែរធ្វើឡើងរវាងធនាគារអភិវឌ្ឍន៍អាស៊ី ជាមួយក្រសួងអប់រំ យុវជន និងកីឡាដើម្បីបង្ហាញពី៖ (១)ការអនុវត្តល្អៗពីអន្តរជាតិលើការអប់រំ STEM និង EdTech (២)ការសិក្សាវាយតម្លៃ STEM និង EdTech និង (៣)ដើម្បីពិភាក្សាអំពីអាទិភាពដែលជាមធ្យោបាយឆ្ពោះទៅមុខសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា។

          ក្នុងពិធីនេះមានការចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង គណៈគ្រប់គ្រងធនាគារអភិវឌ្ឍន៍អាស៊ី ប្រធានអង្គភាព និងគ្រូបង្រៀនសរុបប្រមាណជាង១ពាន់នាក់ នៅតាមវិទ្យាល័យធនធាន និងវិទ្យាល័យនានាទូទាំងប្រទេសតាមរយៈកម្មវិធី ZOOM ។

នៅក្នុងសិក្ខាសាលានេះដែរមានការធ្វើបទបង្ហាញដោយវាគ្មិនមកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើប្រធានបទផ្សេងៗជាច្រើនដូចជា (១) ទិដ្ឋភាពទូទៅនៃការសិក្សាស្រាវជ្រាវប្រទេសដែលអនុវត្តកម្មវិធី STEM (២) ការអនុវត្តល្អៗលើជាសកល និងករណីសិក្សានៅប្រទេសសិង្ហបុរី (៣) ការរកឃើញបឋមពីការសិក្សាស្ទែមនៅកម្ពុជា (៤) គម្រោងសង្ខេបអំពីការសិក្សា EduTech នៅកម្ពុជា (៥) និន្នាការសកលលើ EduTech (៦) ការរកឃើញបឋមលើការវាយតម្លៃ EduTech នៅកម្ពុជា។

ឯកឧត្តម ហង់ ជួនណារ៉ុន បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានគាំទ្រការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា តាមរយៈគម្រោងជាច្រើនដែលបាននឹងកំពុងអនុវត្តនៅតាមគ្រឹះស្ថានសិក្សាសាធារណៈនានានៅកម្ពុជា។

ព្រមជាមួយគ្នាឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់ ADBដែលបានធ្វើការសិក្សាស្រាវជ្រាវលើការអនុវត្តកម្មវិធី STEMនៅកម្ពុជាដើម្បីផ្ដល់ជាអនុសាសន៍ត្រឡប់មកកាន់ក្រសួងវិញ។

    ឯកឧត្តម រដ្ឋមន្រ្តីបានបង្ហាញពីវឌ្ឍនភាពនៃការសិក្សាស្ទែមនៅតាមវិទ្យាល័យធនធានដែលជាគម្រោងគាំទ្រ ដោយធនាគារអភិវឌ្ឍន៍អាស៊ី ដែលបញ្ជាក់ថាយើងអាចអនុវត្តកម្មវិធីស្ទែមបានតាមលទ្ធភាព និងធនធានសម្ភារៈដែលយើងកំពុងមានហើយមូលដ្ឋានចាំបាច់ដែលធ្វើឱ្យការសិក្សាស្ទែមមានភាពទាក់ទាញនៅកម្ពុជាបាន គឺត្រូវមានអគ្គិសនី និងការបង្កើនល្បឿនអ៊ីនធឺណិតនៅតាមសាលារៀនឱ្យកាន់តែប្រសើរ៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner