លោក ឧកញ៉ា ទេព រិទ្ធីវិទ្ធ បានប្តេជ្ញាចិត្តខ្ពស់ជួយជំរុញវិស័យកីឡាវាយកូនបាល់កម្ពុជា អោយរីកចំរើន ដើម្បីសម្រេចបំណងប្រាថ្នារបស់ឪពុក

លោក ទេព រិទ្ធីវិទ្ធ ជាអ្នកជំនួញមួយរូប នៅកម្ពុជា និងជាកូនប្រុសច្បងរបស់អតីតកីឡាករវាយកូនបាល់លំដាប់លេខ១ នៅកម្ពុជា នាទស្សវតឆ្នាំ១៩៥០ និង១៩៦០ លោក ទេព ឃុនណា បានប្តេជ្ញាចិត្តខ្ពស់ជួយជំរុញវិស័យកីឡាវាយកូនបាល់កម្ពុជា អោយកាន់តែរីកចំរើន ដើម្បីសម្រេចបំណងប្រាថ្នាឲ្យឪពុក ។


ក្រោយភៀសខ្លួនពីសង្រ្គាមទៅរស់នៅជាមួយលោក ទេព ឃុនណា ដែលជាឪពុកបង្កើត នៅប្រទេស កាណាដា ក្នុងអំឡុងឆ្នាំ១៩៧៣ លោក ទេព រិទ្ធីវិទ្ធ ក៏បានត្រឡប់មកប្រទេសកំណើត នៅឆ្នាំ១៩៩៤ ក្នុងនាមជាអ្នកជំនួញម្នាក់ នៅក្នុងប្រទេសកម្ពុជា ។ ទោះបីមានភាពមមាញឹកខ្លាំងក្នុងការរកស៊ី ក៏លោកបានឆ្លៀតពេល ដើម្បីចូលរួមអភិវឌ្ឍក្នុងវិស័យកីឡា ដោយលោកទទួលបានតំណែងជាអគ្គលេខាធិការកីឡាវាយកូនបាល់កម្ពុជា ក្រោមការជួយជ្រោមជ្រែងពីប្រធានកិត្តិយសសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ឯ ឧ ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ។


ដើមចមដែលជម្រុញឲ្យលោក ទេព រិទ្ធីវិទ្ធ ស្ម័គ្រចិត្ត និងចំណាយពេលវេលា ជួយអភិវឌ្ឍកីឡាវាយកូនបាល់ ក៍ព្រោះចង់សម្រេចក្តីស្រម៉ៃឪពុក ដែលចង់ឲ្យលោកក្លាយជាកីឡាករវាយកូនបាល់ល្បីឈ្មោះ ប៉ុន្តែដោយសារវ័យកាន់តែចាស់បាត់បង់សក្តានុពលមិនអាចសម្រេចបំណងឪពុកបានទើប លោកងាកមកជួយឧបត្ថម្ភគាំទ្រទាំងថវិកា កម្លាំងកាយ និងកម្លាំងចិត្ត ចូលរួមបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពយុវជនជំនាន់ក្រោយឲ្យមានសក្តានុពល ដើម្បីដណ្តើមមេដាយជូនកម្ពុជា ពីការប្រកួតលើឆាកអន្តរជាតិ ។

ដោយមានទិសដៅត្រឹមត្រូវ ច្បាស់លាស់ និងចក្ខុវិស័យឆ្ពោះទៅមុខ បានធ្វើឲ្យកីឡាវាយកូនបាល់កម្ពុជា មានលទ្ធភាពប្រជែងដណ្តើមបានមេដាយសំរិទ្ធ ពីកីឡាស៊ីហ្គេម និងឈ្នះកៅអី Davis Cup ពីព្រឹត្តិការណ៍អន្តរជាតិកម្រិតពិភពលោក គ្រុបទី៤ ឡើងទៅគ្រុបទី៣ ពិសេសមានសមត្ថភាពគ្រប់គ្រាន់ទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតអន្តរជាតិកម្រិតយុវជនផងដែរ ។

ទោះបីបច្ចុប្បន្នកីឡាកវាយកូនបាល់កម្ពុជា មានសក្តានុពល និងមានទទួលផលផ្លែផ្កាជាបណ្តើរ ហើយក្តីក៍លោក ទេព រិទ្ធីវិទ្ធ នៅតែបន្តខិតខំបណ្តុះបណ្តាធនធានយុវជនឲ្យមានសក្តានុពលប្រជែងដណ្តើមបានមេដាយ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងក្រោយ ស៊ីហ្គេម ឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា លោក ទេព រិទ្ធីវិទ្ធ គឺជាកូនប្រុសបង្កើតអតីតកីឡាករវាយកូនបាល់កម្ពុជា លោក ទេព ឃុនណា ដែលជាកីឡាករល្បីឈ្មោះ ក្នុងទស្សវតឆ្នាំ១៩៥០ និងឆ្នាំ១៩៦០ ៕
