ក្នុងឆ្នាំ២០២០ កម្លាំងនគរបាលរាជធានីភ្នំពេញ ចេញប្រតិបត្តិការបង្រ្កាបគ្រឿងញៀនបានជិត២០០គីឡូក្រាម និងចាប់ឃាត់ខ្លួនជនសង្ស័យសរុប៣.៦៣៨នាក់
កម្លាំងនគរបាលរាជធានីភ្នំពេញ ក្នុងរយៈពេល១ឆ្នាំ គឺឆ្នាំ២០២០ បានចេញប្រត្តិការបង្រ្កាបគ្រឿងញៀនជិត២០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរ និងបរទេស សរុប៣.៦៣៨នាក់ ព្រម ទំាងបានបញ្ជូនយកទៅចាត់ការតាមផ្លូវច្បាប់។ ការបង្រ្កាបគ្រឿងញៀនពីកម្លាំងនគរបាលរាជធានីភ្នំពេញនេះផងដែរត្រូវគេមើលឃើញថា ដែលនាំឱ្យបទល្មើសគ្រឿងញៀននៅឆ្នាំ២០២០នេះ មានការថយចុះគួរឱ្យកត់សម្គាល់។ ដោយក្នុងនោះនៅឆ្នាំ២០២០ ក៏បានបង្រ្កាបក្លឹបកម្សាន្តធំៗចំនួន០៣កន្លែង ជាប់ពាក់ព័ន្ធ និងការជួញដូរ និងផ្តល់ទីតាំងឱ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ការចេញប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនខាងលើនេះក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលតែងតែដាក់បទបញ្ជាមុតមាំឱ្យកម្លាំងនគរបាលរាជធានីភ្នំពេញគ្រប់ផ្នែក និងជំនាញ ត្រូវចេញប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត នឹងធ្លាប់ប្រមានចាត់វិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងចំពោះមន្រ្តីនគរបាលដែលជាប់ពាក់ព័ន្ធ និងបទល្មើសគ្រឿងញៀន។ វិធានការបង្រ្កាបត្រូវធ្វើរាល់សកម្មភាពបទល្មើសគ្រឿងញៀនទាំងទ្រង់ទាយតូចនិងទ្រង់ទ្រាយធំហើយការបង្រ្កាបនោះមិនត្រូវដកថយនោះឡើយ។ពោលគឺត្រូវធ្វើសកម្មភាពចេញប្រតិបត្តិការបង្រ្កាបគ្រឿងញៀនជាប្រចាំ ដើម្បីពង្រឹងការពារថែរក្សាសន្តិសុខ ធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។បទល្មើសគ្រឿងញៀនត្រូវគេចាត់ទុកថាបានបង្កឱ្យប៉ះពាល់អសន្តិសុខនៅក្នុងសង្គមជាខ្លាំង។
ដើម្បីជុំវិញវិធានការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់កងកម្លាំងនគរបាលរាជធានីភ្នំពេញឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់ឱ្យដឹងថា អនុវត្តតាមគោលការណ៍ដឹកនាំរបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ និងបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបន្តចូលរួមសហការជាមួយកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដើម្បីស្រាវជ្រាវបង្រ្កាបមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រឿងញៀននៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ, បន្តចេញផ្សព្វផ្សាយអប់រំជូនប្រជាពលរដ្ឋឱ្យបានយល់ពីផលប៉ះពាល់នៃគ្រឿងញៀន ដោយត្រូវនាំគ្នានៅឱ្យឆ្ងាយពីគ្រឿងញៀន, និងបំផុសឱ្យប្រជាពលរដ្ឋបន្តចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីឈានដល់អនុវត្តវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបមុខសញ្ញាគ្រឿងញៀននៅក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព៕ ដោយ៖វិច្ឆការ





