កម្ពុជាត្រៀមជិត៣០ប្រភេទកីឡា សម្រាប់ស៊ីហ្គេម ២០២១ នៅវៀតណាម ក្នុងនោះក៏មានកីឡា សក្តានុពល

ប្រភេទកីឡាសក្តានុពលរបស់កម្ពុជាជាច្រើន ក្នុងចំណោមជិត៣០ប្រភេទកីឡាត្រៀមការប្រកួតកីឡាស៊ីហ្គេម នាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាម បានកំណត់បង្ហាញត្រៀមដាក់ប្រភេទកីឡាចំនួន៤០ ប្រមាណ៥០០វិញ្ញាសា នេះបើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រមូលផ្តុំត្រៀមលក្ខណៈក្រុមជម្រើសជាតិ ។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) មានប្រសាសន៍ថា នៅក្នុងការដាក់ប្រភេទកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាមនេះ គឺមានប្រភេទកីឡាសក្តានុពលរបស់កម្ពុជាភាគច្រើនដែរ ដូចជាប្រភេទកីឡាប៉េតង់ វ៉ូវីណាម តេក្វាន់ដូ WT ជឺជីតស៊ូ ជាដើម ប៉ុន្តែនៅក្នុងប្រភេទកីឡាសក្តានុពលទាំងនោះ ដូចជាប៉េតង់ និងវ៉ូវីណាម គឺម្ចាស់ផ្ទះដាក់វិញ្ញាសាតិច មិនគ្រប់ចំនួន នៃវិញ្ញាសាទាំងអស់ដែលគេដាក់ឲ្យប្រកួតនៅលើពិភពលោកនោះទេ ។ ដូច្នេះការដាក់វិញ្ញាសាមិនគ្រប់នឹងធ្វើឲ្យបាត់បង់ការប្រកួតប្រជែងមេដាយ និងមានផលលំបាកដោយសារចំនួនវិញ្ញាសា គឺជាចំនួនមេដាយ ។

ទោះជាយ៉ាងនេះក្តី ឯកឧត្តម អគ្គលេខាធិការ រំពឹងថា ការដណ្តើមមេដាយមាស នៅក្នុងស៊ីហ្គេម នៅវៀតណាម នឹងកើនឡើងច្រើនជាង កាលពីស៊ីហ្គេម នៅហ្វីលីពីន ដោយប្រភេទកីឡាសក្តានុពលរបស់កម្ពុជាមានភាគច្រើន ។ «នៅក្នុងស្ថានភាព វិបត្តិជំងឺកូវីដ-១៩ ការជំរុញការហ្វឹកហាត់បច្ចេកទេសរបស់ក្រុមជម្រើសជាតិកំពុងជួបបញ្ហាច្រើន ដោយសារតែការហ្វឹកហាត់ប្រមូលផ្តុំត្រូ វបានរំសាយជាបណ្តោះអាសន្ន ហើយបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួនធ្វើឲ្យសិទ្ធផលក៏ធ្លាក់ចុះដែរ ។ ការអភិវឌ្ឍបច្ចេកទេស ជួបការលំបាកច្រើនបច្ចុប្បន្ន ទាំងក្នុង និងក្រៅប្រទេស ប៉ុន្តែប្រភេទកីឡាមួយចំនួនរបស់កម្ពុជា នៅក្រៅប្រទេសអាចរក្សាសិទ្ធផលបាន ដូចជាកីឡាការិនីជឺជីតស៊ូ ខាន់ ជេសា នៅសហរដ្ឋអាមេរិកជាដើម ។

ចំណែកឯការហ្វឹកហាត់នៅ ក្នុងស្រុក ត្រូវរង់ចាំពេលវេលាស្ងប់ស្ងាត់នៃជំងឺកូវីដ-១៩ ដែលអាចនៅក្នុងរយៈពេល២-៣ខែទៅមុខ ឬនៅដើមឆ្នាំ២០២១ យើងនឹងជំរុញការហ្វឹកហាត់ពិសេសសម្រាប់ក្រុមជម្រើសជាតិ បើមិនដូច្នេះទេយើងនឹងជួបឧបស័គ្គច្រើន ក្នុងការអភិវឌ្ឍបច្ចេកទេសហើយ ។ ឯកឧត្តមសង្កត់ធ្ងន់ថា «សម្រាប់ការហ្វឹកហាត់ត្រៀមស៊ីហ្គេម ២០២១ នៅវៀតណាមនេះ គឺក្រុមជម្រើសជាតិ នៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ តែងតែហ្វឹកហាត់ជាប់លាប់ជាប្រចាំ ដែលធ្វើឲ្យកម្រិត នៃការហ្វឹកហាត់របស់គេមានការរីកចម្រើនល្អ បើប្រៀបធៀបនឹងក្រុមជម្រើសជាតិកម្ពុជាដែលមិនហ្វឹកហាត់ប្រមូលផ្តុំនេះ គឺមានគម្លាតឆ្ងាយពីគ្នា ដើម្បីការពារជំងឺកូវីដ-១៩ បានល្អ១០០% តែក្រុមជម្រើសជាតិកម្ពុជាថយក្រោយ ដោយនេះជាកង្វល់ដ៏ធំ នៅក្នុងកម្រិតជំនាញបច្ចេកទេស ។


ដោយឡែក ការត្រៀមខ្លួនលើប្រភេទកីឡាគុនខ្មែរ ដែលនៅក្នុងស៊ីហ្គេមគេឲ្យឈ្មោះជាអន្តរជាតិ នៅក្នុងកម្មវិធីប្រកួត ស៊ីហ្គេម «មួយ» (Muay) ដែលកម្ពុជាជាប្រធានសហព័ន្ធ «មួយ» អាស៊ីត្រូវបានម្ចាស់ផ្ទះវៀតណាម ប្រកាសទទួលស្គាល់និងផ្តល់សិទ្ធិឲ្យកម្ពុជាទទួលរៀបចំដឹកនាំគ្រប់គ្រងការប្រកួតលើប្រភេទកីឡាប្រដាល់មួយនេះ នៅក្នុងស៊ីហ្គេម ឆ្នាំ២០២១ ដែលឯកឧត្តម វ៉ាត់ ចំរើន ក្នុងឋានៈជាប្រធានសហព័ន្ធកីឡាមួយអាស៊ីចាត់ទុកថាជាសញ្ញាណដ៏ល្អមួយ សម្រាប់ការប្រកួតប្រជែងមេដាយ ដោយមានប្រៀប ។ ឯ ឧ វ៉ាត់ ចំរើន បញ្ជាក់ថា កម្ពុជាមានប្រៀបលើផ្នែកបច្ចេកទេសស្រាប់ ដែលនេះ គឺជាសញ្ញាណថ្មីមួយ ក្នុងការស្វែងរកមេដាយកាន់តែច្រើនជាងស៊ីហ្គេមលើកមុនៗ ក៏ដូចជាការខិតខំធ្វើការរៀបចំដោយភាពហ្មត់ចត់ត្រឹមត្រូវច្បាស់លាស់ ដើម្បីស្វែងរកនូវឧត្តមភាពលើប្រភេទកីឡាគុនខ្មែរនេះ នៅស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ ក៏ដូចជាដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ផងដែរ ។

សូមរំឭកថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ ប្រទេសហ្វីលីពីន ឆ្នាំ២០១៩ កម្ពុជា ឈរលេខ៨ ក្នុងចំណោម១១ប្រទេស ដោយដណ្តើមបានមេដាយមាស៤ ប្រាក់៦ និងសំរឹទ្ធ៣៦ សរុប៤៦ លើ៣ប្រទេស គឺប្រ៊ុយណេ ឡាវ និងទីម័រខាងកើត ខណៈម្ចាស់ផ្ទះហ្វីលីពីន ឈរនៅលេខ១ មេដាយសរុប ៣៨៧គ្រឿង , វៀតណាម លេខ២ និងថៃឈរនៅលេខ៣ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner